
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សាលាកុមារប៉ាស៊ីហ្វិក បានរៀបចំយុទ្ធនាការទីផ្សារដើម្បីផ្សព្វផ្សាយពីសាលាក៏និងចូលរួមចែករំលែកក្ដីស្រលាញ់តាមរយៈតាំងបង្ហាញស៊ីក្លូខ្មែរទៅកាន់សាធារណៈជនទាំងជាតិនិងអន្តរជាតិ។
ការដាក់តាំងបង្ហាញស៊ីក្លូ មិនត្រឹមតែបានជួយដល់អ្នកធាក់ស៊ីក្លូដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងបន្សល់អនុស្សាវរីយ៍រវាងអ្នកធាក់ស៊ីក្លូ និងអារម្មណ៍រីករាយរបស់អ្នកចូលរួមទាំងអស់ ដើម្បីបង្ហាញពីក្ដីស្រលាញ់សម្រាប់ប្រជាជនកម្ពុជាទាំងមូលឱ្យចូលរួមថែរក្សាស៊ីក្លូដើម្បីជាកេរ្តិ៍ដំណែលសម្រាប់យុវជនជំនាន់ក្រោយ។

លោក ឃឹម ផុន ប្រធាននាយកប្រតិបត្ដិនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានមានប្រសាសន៍ថា “បន្ថែមពីលើការចែករំលែកក្ដីស្រលាញ់ដល់លោកពូ លោកអ៊ុំ ដែលជាអ្នកធាក់ស៊ីក្លូ សាលាបានផ្ដល់ជូនការសិក្សា ៦ខែឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកនៃការចំណាយរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងជាការផ្ដល់ឱកាសដល់កុមារដែលមានអាយុចាប់ពី ១ឆ្នាំកន្លះឡើងទៅ បានចូលសាលារៀន។ ការដាក់ទុនវិនិយោគទៅលើបុត្រធីតាតាមរយៈការសិក្សានេះ គឺមានសារៈសំខាន់ខ្លាំងណាស់ដែលជាការវិនិយោគផ្ដល់ចំណេះដឹងដល់ពួកគេទុកជាទុនសម្រាប់អនាគត។”
គួរបញ្ជាក់ផងដែរថា ស៊ីក្លូមិនត្រឹមតែបានដើរតួនាទីជាមធ្យោបាយធ្វើដំណើរមួយមិនប៉ះបាល់ដល់បរិស្ថាន និងបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចដើរតួជាផលិតផលទេសចរណ៍មួយបែប ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងផ្តល់បទពិសោធន៍ថ្មីៗនៃទេសចរណ៍ទីក្រុង តាមរយៈការផ្តល់សេវាកម្មស៊ីក្លូទេសចរណ៍នៅក្នុងកញ្ចប់ទស្សនកិច្ច។


