
ភ្នំពេញ៖ និយ័តករសន្តិសុខសង្គម (ន.ស.ស.) ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូន សមាជិក ប.ស.ស.។ ពិធីចុះអនុស្សរៈនៃការយោគយោលគ្នានេះ ត្រូវបានរៀបចំដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម មានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នារវាង ន.ស.ស. និង អ.ដ.ក. នាថ្ងៃនេះ ជាការបើកទំព័រថ្មីបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងស្ថាប័នទាំងពីរ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការដោះស្រាយវិវាទ ជូនដល់ពលរដ្ឋទាំងឡាយដែលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

លោកបណ្ឌិត បន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះក៏នឹងជំរុញឱ្យមានប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងសះជារបស់ ន.ស.ស. តាមរយៈលទ្ធភាពនៃការស្នើសុំមក អ.ដ.ក. ដើម្បីរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ក្នុងក្របខណ្ឌ អ.ដ.ក. ដែលជាចំណុចពិសេស ក្រោមការចង្អុលបង្ហាញដ៏ឈ្លាសវៃបំផុតរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ លោកបណ្ឌិត ក៏បានអបអរសាទរ និយ័តករមូលបត្រកម្ពុជាផងដែរចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ អ.ដ.ក. ដែលតាមរយៈកិច្ចសហការនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយវិវាទក្នុងវិស័យមូលបត្រកាន់តែមានប្រសិទ្ធភាពមួយកម្រិតថែមទៀត។

លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នាដែលបានរៀបចំឡើងនៅថ្ងៃនេះ ជាការបើកច្រកឱ្យនិយ័តករសន្តិសុខសង្គម និង និយ័តករមូលបត្រកម្ពុជា អាចយកវិវាទដែលខ្លួនបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ក្នុងក្របខណ្ឌនៃដែនសមត្ថកិច្ចរបស់និយ័ករនីមួយៗ ដាក់ជូនមក អ.ដ.ក. ដើម្បីរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានអានុភាពដូចការសម្រុះសម្រួលផ្សះផ្សាវិវាទដែលធ្វើឡើងដោយមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក ផងដែរ ដោយគោរពតាមបែបបទ និងនីតិវិធីដែលបានព្រមព្រៀងជាមួយ អ.ដ.ក.។ បន្ថែមពីនេះ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ ហើយនឹងមិនលាប់ឡើងវិញឡើយ។

គួរបញ្ជាក់ថា អនុលោមតាមមាត្រា១១ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម និយ័តករសន្តិសុខសង្គម មានតួនាទី និងភារកិច្ចក្នុង “ការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់” និងមាត្រា៩១ នៃច្បាប់ស្ដីពីរបបសន្ដិសុខសង្គមដដែរ និងមាត្រា២៣ នៃអនុក្រឹត្យ ស្ដីពីនិយ័តកម្មប្រព័ន្ធសន្ដិសុខសង្គម ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានកំណត់ថា “វិវាទ ឬបណ្ដឹងពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិនានានៃរបបសន្ដិសុខសង្គមរវាងសមាជិក ប.ស.ស. និយោជក និង ប.ស.ស. ត្រូវដោះស្រាយដោយគណៈកម្មការដោះស្រាយវិវាទនៃ ប.ស.ស.។ ក្នុងករណីមិនមានការសះជា, វិវាទ ឬបណ្ដឹងនោះអាចត្រូវបានប្ដឹងទៅនិយ័តករសន្ដិសុខសង្គម មុននឹងប្ដឹងទៅសាលាដំបូងនៃរាជធានី ខេត្ត”។
លើសពីនេះ, ប្រកាសលេខ០៥៤ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្ដីពីនិយ័តកម្មរបបសន្ដិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល និងរបបសន្ដិសុខសង្គមសម្រាប់អតីតយុទ្ធជន បានចែងថា “វិវាទ ឬបណ្ដឹងនៃរបបសន្ដិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល និងរបបសន្ដិសុខសង្គមសម្រាប់អតីតយុទ្ធជន ត្រូវដោះស្រាយនៅកម្រិតមូលនិធិជាតិជំនួយសង្គម(ម.ជ.ជ.)។ ក្នុងករណីមិនសះជា, វិវាទ ឬបណ្ដឹងនោះអាចត្រូវបានប្ដឹងទៅ ន.ស.ស. មុននឹងប្ដឹងទៅតុលាការមានសមត្ថកិច្ច”៕




