
ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៩ កុម្ភៈនេះ បានចេញមកបកស្រាយបន្ថែមពី សៀវភៅបំពេញបន្ថែម មានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព»។ក្នុងការបកស្រាយបន្ថែមនោះ សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា សៀវភៅ«ខ្មែរ និង ដំណើរឆ្ពោះទៅកាន់វិបុលភាព»នេះ គឺដើម្បីសម្តែងការដឹងគុណអ្នកតស៊ូខ្មែរដែលបានខិតខំនាំសន្តិភាពជូនកម្ពុជា មិនមែនដឹងគុណដល់វៀតណាមនោះទេ។
បន្ថែមពីការបកស្រាយពីរដ្ឋមន្ត្រីក្រសួងអប់រំ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងពន្យល់បន្ថែមទាក់ទងនឹង សៀវភៅបំពេញបន្ថែម មានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលអ្នកលេងហ្វេសប៊ុក មួយចំនួនបានយកមកផ្សព្វផ្សាយចោទថា សៀវភៅនេះ រៀបចំឡើងដើម្បីដឹងគុណវៀតណាម។
បើតាមសម្តេច ហ៊ុន ម៉ាណែត សៀវភៅ«ខ្មែរ និង ដំណើរឆ្ពោះទៅកាន់វិបុលភាព» គឺរៀបចំឡើងក្នុងគោលបំណងសំខាន់សម្តែងការដឹងគុណអ្នកតស៊ូខ្មែរទាំងអស់ដែលបានចូលរួមខិតខំស្វែងរកសុខសន្តិភាពជូនមាតុភូមិកម្ពុជាមកដល់ពេលបច្ចុប្បន្ន។សម្រាប់សម្តេច សៀវភៅនេះ គឺជាសៀវភៅ ដែលបានពន្យល់បន្ថែម តាមដំណាក់កាលតាប្រវត្តិសាស្រ្ដដែលបានកើត និង ធ្វើទំនើបកម្ម ដើម្បីកុមារចាប់សិក្សា និង ទទួលបានចំណេះដឹង។
សម្តេច ហ៊ុន ម៉ាណែត ថ្លែងថា សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ជាគឺជាសៀវភៅសិក្សាបន្ថែម មានក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ចាប់ពីតាំងសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ន ដែលមានប្រភពឯកសារមកពីឯកសារប្រវត្តិសាស្រ្តដែល បានចងក្រងកន្លងមក ឈរលើគោលជំហរប្រកាន់ខ្ជាប់នូវការពិត មិនក្រឡៃប្រវត្តិសាស្រ្ត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបដិសេធថា សៀវភៅ «ខ្មែរ និង ដំណើរឆ្ពោះទៅកាន់វិបុលភាព» មិនមែននិយាយពីការដឹងគុណប្រទេសវៀតណាម ឬប្រទេសណាមួយនោះទេ ប៉ុន្ដែគឺជាសៀវភៅ មានក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដើម្បីបន្សល់ទុកនូវតឹកតាងប្រវត្តិសាស្រ្ដដល់កូនខ្មែរគ្រប់ជំនាន់។សម្តេច អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និស្សិតបញ្ញវន្តមុននឹងចែករំលែកព័ត៌មាន ឬខ្លឹមសារនៅលើបណ្ដាញសង្គម ឬបកស្រាយ សូមធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ចៀសវាងការចែករំលែកព័ត៌មានមិនពិតនាំឱ្យបំពុលសង្គម។
បន្ថែមលើកពីនេះសម្តេចនាយករដ្ឋមន្រ្ដី សូមឱ្យក្រសួងអប់រំយុវជន និងកីឡាបោះ ពុម្ពផ្សាយបង្ហោះតាមអនឡាញ ដើម្បីឲ្យមហាជនប្រជាពលរដ្ឋយើងបានសិក្សាច្បាស់ ពីសៀវភៅនេះ៕