
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅគោរពវិញ្ញាណក្ខន្ធផ្នូរឪពុករបស់លោកនៅវិហារគ្រួសារមួយ ខួបកំណើតរបស់លោកឪពុកលោកគឺលោក គីម ជុងអ៊ីល ដែលត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ត្រូវបានប្រារព្ធយ៉ាងអស្ចារ្យ និងជាថ្ងៃបុណ្យដ៏សំខាន់នៅក្នុងប្រទេសកូរ៉េខាងជើងដែលប្រជាជនកូរ៉េខាងជើងចាត់ទុកថ្ងៃរំលឹកខួបលោកជាថ្ងៃនៃផ្កាយរះ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃច័ន្ទទី ១៧ កុម្ភៈ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងក្នុងដំណើរទស្សនកិច្ចរបស់លោកទៅគោរពផ្នូរឪពុក អមដោយលោកស្រី Kim Yo Jong ប្អូនស្រីរបស់លោក និងមន្ត្រីជាន់ខ្ពស់គណបក្សកម្មករជាច្រើនដែលកំពុងកាន់អំណាចលោកគីមបានសម្តែងការអោនលំទោនគោរពវិញ្ញាណក្ខន្ធឪពុកលោកយ៉ាងស្ងៀមស្ងាត់។ តាមប្រព័ន្ធផ្សផ្សាយកូរ៉េខាងជើងដដែលបានអះអាងទៀតថាលោកគីមជុងអ៊ុនបានបង្ហាញពីឆន្ទៈខ្លាំងក្លារបស់លោកក្នុងការលះបង់អស់ពីកម្លាំងកាយចិត្តការពារប្រទេសកូរ៉េខាងជើង និងប្រជាជនកូរ៉េខាងជើង។

គួរបញ្ជាក់ថាលោកលោក គីម ជុងអ៊ីល អតីតមេដឹកនាំកូរ៉េខាងជើង បានទទួលមរណភាពនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១១ ក្នុងអាយុ ៦៩ឆ្នាំ។ ការស្លាប់របស់លោកត្រូវបានគេសន្មតថាជាជំងឺគាំងបេះដូងការស្លាប់របស់លោកបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សាធារណជនកូរ៉េខាងជើងជាខ្លាំង ហើយក៏ជាការបញ្ចប់នៃការដឹកនាំកូរ៉េខាងជើងរបស់លោកអស់រយៈពេល ១៧ឆ្នាំ។ ការដឹកនាំរបស់លោក គីម ជុងអ៊ីល ច្រើនកំណត់លក្ខណៈដោយផ្តោតលើកម្លាំងយោធា ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងការរក្សារបបផ្តាច់ការ៕
