Cctime 6monthsfree desktop
Cc times  web banner kh (2)

ព្រះមហាក្សត្រ៖សម្តេចហ៊ុនសែនជាស្ថាបនិកដ៏អស្ចារ្យជួយ«ព្រះពុទ្ធសាសនានិងវត្តអារាមខ្មែរ»រស់ឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេច ហ៊ុន សែន រូបភាពកន្លងទៅ។

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលចាត់ទុក«វត្តអារាម»នៅកម្ពុជា ក្លាយទៅជាជលករមួយមិនអាច​កាត់​ផ្តាច់​ចេញ​បាន ​ទាំងដំណើរជីវិតពលរដ្ឋខ្មែរប្រចាំថ្ងៃ និង ការអភិវឌ្ឍសង្គមជាតិ មាន​ន័យ​ថា​«វត្តអារាម និង សង្គមគឺតែមួយ»។ព្រះអង្គអរគុណសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាស្ថាបនិកដ៏អស្ចារ្យជួយ«ព្រះពុទ្ធសាសនានិងវត្តអារាមខ្មែរ»រស់ឡើងវិញ។

ព្រះកូណា មានព្រះរាជបន្ទូលថា "ខ្ញុំសូមអរគុណ និង កោតសរសើរជាទីបំផុត ចំពោះសម្តេច ហ៊ុន សែន ដែលជាស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់ និង ឈ្លាសវៃ ក្នុងការធ្វើឱ្យ ព្រះពុទ្ធសាសនា និង វត្តអារាមខ្មែរ មានព្រលឹងរស់ឡើងវិញដូចសព្វថ្ងៃនាំឱ្យមានស្ថិរភាពសង្គម សន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ"។

បើតាមព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អប្រសើរ។ អាស្រ័យហេតុនេះ មិនអាចមានបុគ្គលណាមួយប្រមាថ ឬប្រទូសរ៉ាយ ចំពោះព្រះពុទ្ធសាសនា នៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ ។

គួរបញ្ជាក់ថា ព្រះរាជបន្ទូលនេះ ធ្វើឡើងក្នុងឱកាសទ្រង់សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និងសមិទ្ធផលនានានៅ​វត្តឧណ្ណាលោម នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង