
អូស្តាលី៖ រដ្ឋាភិបាលរបស់ប្រទេសអូស្រា្តលីសម្រេចហាមឃាត់អ្នកវិនិយោគបរទេសពីការទិញផ្ទះដែលមានស្រាប់នៅក្នុងប្រទេសរយៈពេលពីរឆ្នាំ គោលនយោបាយថ្មីផ្អាកការទិញផ្ទះរបស់ជនបរទេសនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិលំនៅដ្ឋាន និងទប់ស្កាត់ការឡើងថ្លៃផ្ទះជួល។

បើតាមលោក Jim Chalmers មន្ត្រីហិរញ្ញវត្ថុបានឲ្យដឹងថាបច្ចុប្បន្ននេះយើងកំពុងហាមឃាត់ការទិញផ្ទះពីជនបរទេសដែលច្បាប់ថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧ ដើម្បីឆ្លើយតប និងទប់ស្កាត់ការតម្លើងថ្លៃផ្ទះជួល។ លោកបន្តទៀតថាការហាមឃាត់មិនឲ្យជនបរទេសទិញលំនៅដ្ឋានក្នុងប្រទេសអូស្រា្តលីនេះទំនងជានឹងបង្កើនផ្ទះទំនេរមិនទាន់មានម្ចាស់ប្រហែល ១,៨០០ ខ្នង ក្នុងមួយឆ្នាំ។

រដ្ឋាភិបាលអូស្តាលីក៏បានអនុម័តកំណែទម្រង់លំនៅដ្ឋាន រួមទាំងគម្រោងភាគហ៊ុនរួម និងការលើកលែងពន្ធមួយចំនួនសម្រាប់អ្នកសាងសង់ ដើម្បីបន្ធូរបន្ថយសម្ពាធនៃការចំណាយ និងសម្រេចបាននូវគោលដៅសាងសង់ផ្ទះថ្មីចំនួន ១.២ លានខ្នងនៅឆ្នាំ ២០៣០៕