
ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៧ កុម្ភៈនេះ បានសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និង សមិទ្ធផលនានានៅវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ក្នុងព្រះរាជសន្ទរកថា ព្រះកូណា ចាត់ទុក«វត្តអារាម»ជាកន្លែងបណ្តុះ សីលធម៌ អប់រំចិត្ត ជាឃ្លាំងរក្សាទុកវប្បធម៌ និង ជួយរក្សាអត្តសញ្ញាណព្រលឹងជាតិ។
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានមានព្រះរាជបន្ទូលថា វត្តអារាម នៅកម្ពុជា បានក្លាយទៅជាជលករមួយមិនអាចកាត់ផ្តាច់ចេញបាន ទាំងដំណើរជីវិតពលរដ្ឋខ្មែរប្រចាំថ្ងៃ និង ការអភិវឌ្ឍសង្គមជាតិ មានន័យថា«វត្តអារាម និង សង្គមគឺតែមួយ»។សម្រាប់ព្រះអង្គតាំងពីអតីតកាលរហូតដល់បច្ចុបន្នកាល វត្តអារាម បានជួយផ្តល់កន្លែងស្នាក់នៅ បួស រៀនសូត្រ ចំណេះដឹងទូទៅដល់អ្នកដែលមាន ការខ្វះខាត ដោយក្នុងចំណោមនោះមានមួយចំនួនបានក្លាយទៅជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការបម្រើរដ្ឋ។
បើតាមព្រះមហាក្សត្រ វត្តអារាមខ្មែរ បានដើរតួនាទីជំរុញក្នុងការបណ្តុះសីលធម៌ និង គុណធម៌សង្គមខ្មែរ ជាទីកន្លែងបណ្តុះបណ្តាលអប់រំទាំងផ្លូវកាយ និង ផ្លូវចិត្ត និង កសាងធនធាន មនុស្សឲ្យមានចំណេះដឹងជាឃ្លាំងរក្សាទុកវប្បធម៌ និង ជួយរក្សាអត្តសញ្ញាណព្រលឹងជាតិ។
ព្រះសង្គបានសង្កត់ធ្ងន់ថា តាំងពីកម្ពុជាទទួលបានសន្តិភាពក្រោមការដឹកនាំដោយសម្តេច ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន វត្តអារាម ទទួលបានការរីកចម្រើន និង ស្ថិរភាពសង្គមល្អប្រសើរ មិនអាចមានបុគ្គលិកណាមួយប្រមាថ ឬប្រទួសរ៉ាយ ចំពោះព្រះពុទ្ធសាសនា នៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និង អភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និងសមិទ្ធផលនានានៅវត្តឧណ្ណាលោម ជាវត្តដែលស្ថិតក្នុងចំណោមវត្តទាំង៦ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើងក្នុងរជ្ជកាល ព្រះចៅពញាយ៉ាត នៅក្នុងឆ្នាំ១៤៣៧៕
.jpg?1739762063)