ភ្នំពេញ៖ការផ្អាកជំនួយអាម៉េរិក បាននាំឱ្យប៉ះពាល់ដល់កម្លាំងជំនាញដែលកំពុងបំពេញការងារបោសសម្អាតគ្រប់មីនប្រមាណ ២១០នាក់ ក្នុងខេត្តចំនួន៨ គិតជាថវិកាសរុបប្រមាណជា២លានដុល្លារក្នុងមួយឆ្នាំ។ប៉ុន្តែកម្លាំងប្រមាណ៩២ភាគរយផ្សេងទៀតនៅដំណើរការធម្មតារបស់ខ្លួន។
យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គភាព CMAC បានទទួលព័ត៌មានជាផ្លូវការពីអង្គការដៃគូ ដោយស្នើសុំអង្គភាពCMACធ្វើការរំសាយបុគ្គលិកនិង កម្លាំងប្រតិបត្តិការដែលស្ថិតនៅក្នុងគម្រោងជំនួយរបស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
បើតាម លោក ហេង រតនាអគ្គនាយកCMAC ការផ្អាកជំនួយនេះ ប៉ះពាល់ដល់កម្លាំងជំនាញដែលកំពុងបំពេញការងារបោសសម្អាតគ្រប់មីនប្រមាណ ២១០នាក់ ក្នុងខេត្តចំនួន៨ គិតជាថវិកាសរុបប្រមាណជា២លានដុល្លារក្នុងមួយឆ្នាំ។ហើយក្នុងស្ថានភាពចំពោះមុខនេះ អង្គភាពCMAC នឹងខិតខំដោះស្រាយគ្រប់លទ្ធភាព និង មធ្យោបាយ ដើម្បីរក្សាកម្លាំងជំនាញទាំងអស់ដែលត្រូវកាត់រំសាយនេះឲ្យនៅបន្ដបំពេញភារកិច្ចក្នុងអង្គភាពជាធម្មតា។
លោក ហេង រតាន បានសង្គត់ធ្ងន់ថា គម្រោងជំនួយថ្មីៗដែលអង្គភាពCMACទើបទទួលបានពីដៃគូអភិវឌ្ឍន៍ និងប្រទេសផ្ដល់ជំនួយជាគម្រោងជំនួយបន្ដអនុវត្តន៍ជាមួយកម្លាំងជំនាញដែលមានស្រាប់ និង មិនមែនជាជំនួយដែលត្រូវយកមកជំនួសកម្លាំងជំនាញដែលស្ថិតនៅក្រោមគម្រោងគាំទ្រថវិកាដោយរដ្ឋាភិបាលអាម៉េរិកនោះទេ។
តែយ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ កម្លាំងប្រតិបត្តិការរបស់អង្គភាពCMAC មានចំនួនប្រមាណ៩២% បន្ដដំណើរការប្រតិបត្តិការជាធម្មតា ដែលកម្លាំងទាំងនេះគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយមានដូចជា ជប៉ុន ចិន អាឡឺម៉ង់ CMAA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ដ្រាលី កាណាដា និងណូវែលហ្សឺឡង់) អង្គការJMAS អង្គការNPA អង្គការAPOPO និងអង្គការMAG៕
