![](https://cdn.cc-times.com/kh.cc-times.com/media/59339/large/479519362_1075671134605519_3162714171140577245_n.jpg?1739351380)
ហ្វីលីពីន៖ រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ថា ប្រទេសហ្វីលីពីន មានតម្រូវការលើផលិតផលកសិកម្មជាច្រើនពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនប្រជាជនហ្វីលីពីន ហើយផលិតផលកសិកម្មទាំងនោះមានដូចជា អង្ករ សាច់ជ្រូក សាច់គោ មាន់ ត្រី និងបន្លែផ្លែឈើជាច្រើន។ ការបញ្ជាក់នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារទ្វេភាគីលើវិស័យកសិកម្មជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន។
លោក ឌិត ទីណា បានគូសបញ្ជាក់ថា ការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើឡើងក្នុងគោលបំណងបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នានោះទេ ហើយប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំបន្ថែមទៀត ជំរុញការរីកចម្រើនក្នុងវិស័យកសិកម្ម សំដៅចូលរួមចំណែកលេីកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍឱ្យមានចីរភាព។
ជាមួយគ្នានេះ លោក Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន មានប្រសាសន៍ថា ប្រទេសហ្វីលីពីនមានតម្រូវការលើផលិតផលកសិកម្មជាច្រើនពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនប្រជាជនហ្វីលីពីន ដែលកើនជាង១០លាននាក់ក្នុងមួយឆ្នាំ។ សាធារណរដ្ឋហ្វីលីពីនមានតម្រូវការដូចជាអង្ករ សាច់ជ្រូក សាច់គោ មាន់ ត្រី និងបន្លែផ្លែឈើជាច្រើន។
លោកបន្ថែមថា លើសពីនេះភាគីហ្វីលីពីនក៏នឹងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វើវារីវប្បកម្មផងដែរ។ ក្រសួងកសិកម្មហ្វីលីពីន បានទទួលសិទ្ធក្នុងការនាំចូលអង្ករ និងម្ហូបអាហារ ដោយមានថវិកា ១០០លានដុល្លាសហរដ្ឋអាម៉េរិក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូនៃក្រសួងកសិកម្មហ្វីលីពីន ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិនិត្យពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា និងពិភាក្សាលម្អិតបន្ថែមទៀតរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា គោលបំណងនៃកិច្ចជំនួបនេះគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្មដោយផ្តោតលើចំណុចសំខាន់ចំនួន០២ រួមមានការធានាសន្តិសុខស្បៀង និងការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងជំនួបនេះដែរ រដ្ឋមន្ត្រីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន៕
![](https://cdn.cc-times.com/kh.cc-times.com/media/59340/large/479491759_1075671031272196_4147905925232150053_n.jpg?1739351396)
![](https://cdn.cc-times.com/kh.cc-times.com/media/59341/large/476837277_1075671127938853_3401224364959260786_n.jpg?1739351454)
![](https://cdn.cc-times.com/kh.cc-times.com/media/59342/large/479490037_1075671204605512_8414320709856352915_n.jpg?1739351455)