681 ezgif.com resize
Swift cc time

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សម្រេចបាន ៥,៤០%

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន៥,៤០% បន្ទាប់ពី ពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងសាងសង់ស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង២៧១ម៉ែត្រ ស្មើនឹង៥១ % នៃប្រវែងសរុប ៥៣៣ម៉ែត្រ និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សម្ភារៈ គ្រឿងចក្រខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣,៧០០ ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១,៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២,១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់ ចំនួន ៤៨ខែ ដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨៕


Khcct banner

អត្ថបទទាក់ទង