
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយក្រុមត្រួតពិនិត្យគុណភាពមកពីក្រុមកុងសង់តង់ Hatfieldនៃប្រទេសកាណាដា នៅទីបញ្ជាការសុីម៉ាក់ភ្នំពេញ ដឹកនាំដោយលោក Dave McCracken ក្នុងការត្រួតពិនិត្យគុណភាពនិងតម្លាភាពនៃការស្រាវជ្រាវនិងកំណត់តំបន់រងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ទាំងឡាយនៅលេីព្រះរាជាណាចក្រនេះក្នុងសម័យសង្គ្រាម។

លោក ហេង រតនា បានលើកឡើងថា ការស្រាវជ្រាវនេះបានប្រេីប្រាស់ប្រពន្ធ័ទិន្នន័យដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិកនិងប្រពន្ធ័ទិន្នន័យផេ្សងៗទៀត ដែលពាក់ពន្ធ័នឹងការទម្លាក់គ្រាប់បែកក្នុងសង្គ្រាមឥណ្ឌូចិននិងសង្គ្រាមនៅកម្ពុជានៅទសវត្សឆ្នាំ១៩៦០-៧០ ជាមួយនឹងការស្រាវជ្រាវស្វែងរកភស្តុតាងនិងសាក្សីរស់ទៅតាមភូមិសាស្ត្រជាក់ស្តែងគ្រប់ទីតាំងនៃការទម្លាក់គ្រាប់បែកទាំងអស់។

លោក ហេង រតនា បានបន្ថែមថា ព័ត៌មានដែលទទួលបានមកពីការស្រាវជ្រាវនេះ គឺដេីម្បីកំណត់តំបន់ផ្ទៃដីរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ផ្សេងៗ បង្កេីតជាប្រពន្ធ័ទិន្នន័យជាតិមួយ។ ទន្ទឹមនឹងនេះ ដេីម្បីធានាសុខសុវត្ថិភាពជូនប្រជាពរដ្ឋក្នុងការប្រេីប្រាស់ដីធ្លី ក្នុងតំបន់រងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែកក្នុងសង្គ្រាម ទាំងនៅស្ថានភាពតម្រូវការចំពោះមុខនិងយូរអង្វែងបន្តទៀត(្របជាជនខ្មែរអាចបន្តរស់នៅជាមួយតំបន់រងការទម្លាក់គ្រាប់បែកសំណល់សង្គ្រាមច្រេីនទសវត្សទៀត)។

គួរបញ្ជាក់ថា ការស្រាវជ្រាវចាប់ផ្តេីមតាំងពីខែមេសាឆ្នាំ២០២៤ គិតមកត្រឹមចុងខែមករាឆ្នាំ២០២៥នេះ សម្រេចបានបញ្ចប់ការស្រាវជ្រាវភូមិចំនួនជាង២៣០០ភូមិ រកឃេីញតំបន់រងការទម្លាក់គ្រាប់បែកចំនួនជាង៤.៤៧០ពហុកោណ(ទីតាំង)។ ផែនការបន្តត្រូវស្រាវជ្រាវជាង៤២០០ភូមិក្នុងឆ្នាំ២០២៥ដែលត្រូវបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២៥នេះ៕


