
អាម៉េរិក៖ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិជាតិរបស់អាម៉េរិកបានដកការព្រមានចេញវិញនៃការផ្ទុះរលកយក្សស៊ូណាមិដែលបានចេញផ្សាយបន្ទាប់ពីការគ្រោះរញ្ជួយដីកម្រិត ៧.៦ រិចទ័របានវាយប្រហារសមុទ្រការីប៊ីននៅល្ងាចថ្ងៃសៅរ៍ភាគខាងជើងនៃសហរដ្ឋអាម៉េរិក។ ការដកការព្រមានចេញវិញនេះធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញអាម៉េរិករកឃើញថាគ្រោះរញ្ជូយដីកម្រិត ៧.៦ រិចទ័រ នេះមិនទាន់អាចបង្កទៅជារលកយក្សស៊ូណាមិបានឡើយ។

ការព្រមាននៃការផ្ទុះរលកយក្សស៊ូណាមិនេះត្រូវបានចេញផ្សាយនៅល្ងាចថ្ងៃសៅរ៍ក្នុងទឹកដីសហរដ្ឋអាម៉េរិក តំបន់ព័រតូរីកូ និងកោះវឺជីន បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័របានកើតឡើងនៅជម្រៅ ១០ គីឡូម៉ែត្រក្នុងសមុទ្រការីប៊ីន។ អាជ្ញាធរអាម៉េរិកបានអំពាវនាវឱ្យប្រជាជនដែលរស់នៅលើកោះទាំងពីរនេះចៀសឱ្យឆ្ងាយពីមាត់ទឹក ឆ្នេរខ្សាច់ និងតំបន់ឆ្នេរនិងរងចាំការជូនដំណឹងពីអាជ្ញាធរពាក់ព័ន្ធ៕
