
គៀវ៖ ប្រមុខមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសសុខចិត្តធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកដោយអនុញ្ញាតឱ្យក្រុមហ៊ុនអាម៉េរិកចូលទៅរុករករ៉ែកម្ររបស់អ៊ុយក្រែន ជាថ្នូរនឹងការបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាដល់ប្រទេសខ្លួន។ ការប្រកាសរបស់មេដឹកនាំអ៊ុយក្រែនធ្វើឡើងប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះបន្ទាប់ពីរដ្ឋាបាលលោកត្រាំបានប្រកាសបង្កកជំនួយនិងស្នើឲ្យអ៊ុយក្រែនដោះដូររ៉ែកម្ររបស់ខ្លួនជាមួយនិងជំនួយសហរដ្ឋអាម៉េរិកដល់អ៊ុយក្រែន។

ថ្លែងជាមួយកិច្ចសម្ភាស៍ជាមួយកាសែតអាម៉េរិក Reuters មេដឹកនាំអ៊ុយក្រែនលោក Zelensky បានពិនិត្យមើលផែនទីដែលបានចាត់ថ្នាក់អំពីទីតាំងទ្រព្យសម្បត្តិរ៉ែរបស់ប្រទេសអ៊ុយក្រែនកំពុងតែមាន លោកបានអះអាងថាកិច្ចព្រមព្រៀងជាមួយអាម៉េរិកឱ្យក្រុមហ៊ុនអាម៉េរិកចូលទៅរុករករ៉ែកម្ររបស់អ៊ុយក្រែននឹងធ្វើឡើងឆាប់ៗដើម្បីដោះដូរជាមួយនឹងជំនួយអាម៉េរិកមកកាន់អ៊ុយក្រែនក្នុងការបន្តច្បាំងជាមួយនិងប្រទេសរុស្ស៊ី។

សម្រាប់លោក Zelensky លោកមិនបានផ្តល់ឱ្យធនធានធម្មជាតិរបស់អ៊ុយក្រែនទៅទាំងស្រុងនោះទេ លោកធ្វើនេះដើម្បីជាផលប្រយោជន៍រវាងប្រទេសទាំងពីរ និងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការបានជំនួយបន្ថែមពីអាម៉េរិក។ លោកបានអះអាងទៀតថាជនជាតិអាម៉េរិកបានជួយដល់ប្រទេសលោកច្រើនបំផុត ហើយដូច្នេះយើងគួរតែជួយទៅខាងអាម៉េរិកវិញតាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថាអ៊ុយក្រែនកាន់កាប់ទុនបំរុងដ៏ធំបំផុតរបស់អឺរ៉ុបនៃវត្ថុធាតុដើមទីតានីញ៉ូម ដែលមានសារៈសំខាន់សម្រាប់ឧស្សាហកម្មអាកាសចរណ៍ និងអវកាស ក៏ដូចជាអ៊ុយរ៉ាញ៉ូមសំខាន់ៗផងដែរ៕