
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់ ជាពិសេសខេត្តដែលរងគ្រោះដោយសារទឹកជំនន់ ត្រូវធ្វើការសម្រួលសុវត្ថិភាព និងសណ្តាប់ធ្នាប់ដល់ ឯកឧត្តម កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ពេលចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការអំពាវនាវរបស់សម្តេចហ៊ុន សែននេះ បានទៅដល់អាជ្ញាធរថ្នាក់ក្រោមហើយ។ប៉ុន្តែលោកថា ការអំពាវនាវនេះមិនមែនសំដៅតែលោកកឹម សុខា តែម្នាក់នោះទេ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ដែលមានចិត្តចង់ជួយពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ជាកាតកត់សម្ភាល់ ការអំពាវនាវរបស់សម្តេច ហ៊ុន សែននេះ គឺបន្ទាប់ពីអាជ្ញាធរ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មិនឲ្យក្រុមលោក កឹម សុខា ចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅទីនោះទេ ខណៈមន្ត្រីអតីតបក្សប្រឆាំង ចាត់ទុកថា ការរារាំងនេះថាជាការរើសអើងផ្នែកនយោបាយ។៕