ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍កម្ពុជា បានបើកនូវពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និង លើកទិសដៅការងារបន្ត។សន្និបាតនេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។រយៈពេល៥ឆ្នាំនេះ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍បានបង្ហាញពីមោទកភាពលើការបំពេញការងាររបស់ក្រសួងក្នុងការចូលរួមអភិវឌ្ឍផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍ និង ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
ថ្លែងសន្ទរកថាបើកសន្និបាតកាលពីម្សិលមិញ លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ឆ្នាំ២០២០-២០២៤ គឺជាអំឡុងពេលដែលប្រទេសកម្ពុជា បានប្រឈមមុខ និងប្រយុទ្ធប្រឆាំងជាមួយ ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងប្រៃសណីយ៍ ចាប់យកគំនិតផ្តួចផ្តើមប្រកបដោយ ការទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជាអាទិ៍ ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ប្រព័ន្ធចាក់វ៉ាក់សាំងកូវីដ-១៩ និង ការនាំចូលនិងចែកចាយឧបករណ៍តេស្តរហ័ស និង ឱសថព្យាបាលជំងឺកូវីដ-១៩ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
បើតាមលោករដ្ឋមន្ត្រី ក្នុងកាលៈទេសៈនោះ ក្រសួងបានសកម្មក្នុងការគិតគូរ និង កែប្រែសភាពការណ៍វិបត្តិឱ្យទៅជា កាលានុវត្តភាពសម្រាប់ការអនុវត្តការងាររបស់ក្រសួងតាមគន្លងប្រក្រតីភាពថ្មី ដោយជំរុញឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រកិច្ចការកែទម្រង់របស់ខ្លួន។សម្រាប់លោក ជា វ៉ាន់ដេត ៥ឆ្នាំកន្លងមកនេះ ជាមួយនឹងការ ផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រសួងសម្រេចបានការកែលម្អ និង ពង្រឹងគុណភាពនៃការគ្រប់គ្រងកិច្ចការផ្ទៃក្នុងក្រសួង ការគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុ និង ការគ្រប់គ្រងនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស បង្កើតបានជាមូលដ្ឋានសម្រាប់គាំទ្រដល់ការអភិវឌ្ឍ និង អភិបាលកិច្ចលើវិស័យក្នុងដែនសមត្ថកិច្ចរបស់ក្រសួងជាមោទកភាពសម្រាប់បេសកកម្មរបស់ខ្លួន។
យោងតាមរបាយការណ៍ផ្លូវការពីក្រសួងប្រៃសណីយ៍ ក្នុងរយៈពេលពីឆ្នាំ២០២០-២០២៤ ក្រសួងសម្រេចបាន ការរៀបចំកិច្ចការរដ្ឋបាល តាមរយៈការប្រើប្រាស់ប្រព័ន្ធអនុម័តឯកសារផ្ទៃក្នុង (DWF) និង ប្រព័ន្ធគ្រប់គ្រងផ្សេងទៀត ព្រមទាំងសម្រេចបានការពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ ដោយផ្តោតទៅលើ ការកែសម្រួលយន្តការប្រមូលចំណូល និងការគ្រប់គ្រងចំណាយឱ្យចំគោលដៅ។ ជាក់ស្តែងពីឆ្នាំ២០២០-២០២៤ ក្រសួងសម្រេចប្រមូលចំណូលថវិកាជាតិនិងវិភាគទានមូលនិធិសរុបបានប្រមាណ ៨០៤លានដុល្លារអាម៉េរិក បើប្រៀបធៀបទៅនឹងចំណូលថវិកាជាតិនិងវិភាគទានមូលនិធិក្នុងរយៈពេល ២០១៥-២០១៩ ដែលប្រមូលបាន ចំនួនប្រមាណ ២១៦លានដុល្លារអាម៉េរិក។
គួរបញ្ជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងប្រៃសណីយ៍ អភិវឌ្ឍថ្នាលនិងកម្មវិធីឌីជីថល ៥ ក្នុងនោះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ក្រសួងស្ថាប័ន និងគ្រឹះស្ថានអប់រំប្រើប្រាស់ នឹងបានកំពុង អភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថលមួយចំនួនផ្សេងទៀតជាបន្តបន្ទាប់ ជាពិសេសបានគិតគូរដល់ការ អភិវឌ្ឍថ្នាល DG SuperApp ដើម្បីដាក់ឱ្យដំណើរការសាកល្បងនាពេលខាងមុខ គាំទ្រដល់ការតភ្ជាប់អ៊ុនធឺណិត និង ការចូលរួមបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពី គោលការណ៍នៃការរៀបចំបង្កើតអង្គភាពបរិវត្តកម្មឌីជីថលជំរុញការសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិឱ្យបានឆាប់៕