
ម៉ាឡេស៊ី៖ យោងតាមសារព័ត៌មាន 《China Press》របស់ប្រទេសម៉ាឡេស៊ីដែលផ្សាយជាភាសាចិនចុះផ្សាយនៅថ្ងៃទី១៦នេះបានអោយដឹងថា ក្រុមឧក្រិដ្ឋជនល្បែងស៊ីសងតាមអ៉ីនធឺណិតមកពីប្រទេសចិន បានប្រើប្រាស់“អ្នកមានខ្សែអ្នកធំ” ដោយប្រគល់ប្រាក់សូកប៉ាន់ដល់មន្ត្រីប៉ូលីសម៉ាឡេស៊ីជាច្រើននាក់ជារៀងរាល់ខែ ដើម្បីជាថ្នូរនឹងការមិនបង្ក្រាបក្រុមល្បែងស៊ីសងតាមអ៉ីនធឺណិតនេះ។
ប៉ុន្តែនៅរយៈពេលចុងក្រោយនេះ គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ី បានបង្ក្រាបក្រុមឧក្រិដ្ឋជនល្បែងស៊ីសងតាមអ៉ីនធឺណិតនេះ ដោយឃាត់ខ្លួនមនុស្សចំនួន២០នាក់ ដកហូតសាច់ប្រាក់ចំនួន៥លានរីងហ្គីដ ព្រមទាំងបង្កកគណនីធនាគារចំនួន៣៦ ដែលស្មើនឹងទឹកប្រាក់រហូតដល់១០១លានរីងហ្គីដ ប្រមាណជាង២៤លានដុល្លារអាមេរិក។
គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ីបានប្រាប់អោយដឹងថា “អ្នកមានខ្សែអ្នកធំ”ដែលយកលុយពីឧក្រិដ្ឋជនល្បែងអនឡាញមកពីចិន ហើយដើរសូកប៉ាន់ដល់មន្ត្រីប៉ូលីសម៉ាឡេស៊ីនោះ មានឈ្មោះ Goh Leong Yeong ជាជនជាតិម៉ាឡេស៊ី ហើយបច្ចុប្បន្នកំពុងត្រូវបានប៉ូលីសប្រទេសម៉ាឡាស៊ីតាមចាប់ខ្លួនផងដែរ៕