បាងកក៖ នាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn Shinawatra បានប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ព្រំដែនមួយចំនួនជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីកសាយភាយនៃមជ្ឈមណ្ឌលឆបោក និងក្រុមឧក្រិដ្ឋកម្មអនឡាញដែលបោកប្រាស់មនុស្សឲ្យទៅធ្វើការ និងធ្វើទារុណកម្ម។ សេចក្តីប្រកាសរបស់លោកស្រី Paetongtarn ធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសចិន។
ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយថៃមុនដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសចិនលោកស្រី Paetongtarn បានឲ្យដឹងថាប្រទេសថៃនិងកាត់ផ្តាច់ភ្លើង និងទឹកក្បែរព្រំដែនមីយ៉ាន់ម៉ានដើម្បីទប់ស្កាត់ការរីកសាយភាយនៃក្រុមឧក្រិដ្ឋកម្មអនឡាញដែលកំពុងតែមានវត្តមានក្បែរព្រំដែនថៃ និងដើម្បីការពារសុវត្ថិភាពពលរដ្ឋថៃពីការបោកប្រាស់ផ្សេងៗរបស់ក្រុមឆបោកទាំងអស់នោះ។ លោកស្រីបានបន្តថា៖ «អ្វីដែលបានកើតឡើងកន្លងមកបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនថៃ និងមុខមាត់ប្រទេសថៃជាច្រើន»។
ជាការឆ្លើយតបឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បានគូសបញ្ជាក់ថាថៃនឹងចាត់វិធានការដើម្បីផ្តាច់ចរន្តអគ្គិសនីជាបន្ទាន់ក្នុងតំបន់ក្បែរព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។ លោកបានចាត់ទុកវិធានការនេះគឺធ្វើឡើងដើម្បីការពារប្រជាពលរដ្ឋថៃពីការឆបោករបស់ក្រុមឧក្រិដ្ឋកម្មអនឡាញដែលកំពុងតែមានវត្តមានក្បែរប្រទេសថៃ។
យោងតាមអង្គការសហប្រជាជាតិមានមនុស្សរាប់សែននាក់ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន និងបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ និងប្រតិបត្តិការអនឡាញខុសច្បាប់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា៕