អាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ កាលពីថ្ងៃអង្គារ ចុះហត្ថលេខាអនុញ្ញាតិឱ្យអាម៉េរិកដកខ្លួនចេញពីស្ថាប័ន«ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ»ដែលជាស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិ ហើយនឹងមិនបន្តផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិជួយជនភៀសខ្លួនប៉ាឡេស្ទីនឡើយ។
ការប្រកាសរបស់លោកត្រាំ គឺធ្វើឡើងស្របពេលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោក នេតាន់យ៉ាហ៊ូ ដោយបានប្រកាសចោទ«ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ»បានបំពេញបេសកកម្មរបស់ខ្លួនមានភាពលំអៀង ប្រឆាំងជាមួយអ៊ីស្រាអែល និង ប្រឆាំងពួកនិយម។
ជាមួយគ្នានោះ លោក ដូណាល់ត្រាំ បានអំពាវនាវឱ្យមានការពិនិត្យឡើងវិញអំពីការចូលរួមរបស់អាម៉េរិក ជាមួយអង្គការអប់រំ វិទ្យាសាស្ត្រ និង វប្បធម៌ ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលត្រូវបានគេស្គាល់ថា UNESCO និង ការពិនិត្យឡើងវិញលើការផ្តល់មូលនិធិរបស់អាម៉េរិកសម្រាប់អង្គការសហប្រជាជាតិ ក្រោមហេតុផលនៃ "ភាពខុសគ្នាខ្លាំងនៅក្នុងកម្រិតនៃការផ្តល់មូលនិធិក្នុងចំណោមប្រទេសផ្សេងៗគ្នា" ។
គួរបញ្ជាក់ថា អាម៉េរិក ត្រូវបានគេស្គាល់ថា ជាប្រទេសបិតាប្រជាធិបតេយ្យ និង គោរពសិទ្ធិមនុស្សល្អដាច់គេក្នុងលោក។តែតាំងពីលោកត្រាំ ឡើងកាន់ដំណែង លោកប្រកាសលុបជំនួយមនុស្សធម៌ និងដកអាម៉េរិកចេញពី «ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ» ខណៈកន្លងទៅមហាអំណាចនេះធ្លាប់ចាយថវិកាប្រមាណ២២ភាគរយជួយអង្គការសហប្រជាជាតិ៕