Cc times  web banner kh

អាជ្ញាធរត្រៀមចាត់វិធានការ លើក្រុម«សត្វស្វាកាច»ក្នុងតំបន់អង្គរ ដើម្បីសុវត្តិភាពភ្ញៀវទេសចរ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ៤ ខែកុម្ភៈនេះ បានប្រកាសព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិទាំងអស់ឲ្យដឹងថា ក្នុងរយៈកាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន តាមរយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្ដើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាមទៅលើមនុស្សជាដើម។

ក្នុងគោលដៅដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នជំនាញនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបជាដើម បានប្រជុំពិភាក្សាជា បន្តបន្ទាប់ឈានទៅរកការអនុវត្តវិធានការចាំបាច់នានា នាពេលខាងមុខ។ មួយវិញទៀត នាពេលកន្លងមក ទាំងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជំនាញខាងលើ បានចេញជាសេចក្តីប្រកាសព័ត៌មានអំពីបញ្ហានេះ អមដោយ ការអំពាវនាវជាសាធារណៈ ស្នើសាធារណជនទាំងអស់ មេត្តានៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ជាដើម។ល។

អាជ្ញាធរជាតិអប្សរា ក៏បានស្នើដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ ជួយផ្សព្វផ្សាយ ក៏ដូចជាណែនាំ និងបញ្ឈប់នូវសកម្មភាពណាមួយដែលអាចនាំមកនូវបញ្ហាបង្កឡើងដោយសត្វស្វាជាយថាហេតុ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា នឹងបន្តកិច្ចសហការជាមួយផ្នែកជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងរកដំណោះស្រាយសមរម្យ ក្នុងការបញ្ចៀសនូវបញ្ហាផ្សេងៗក្នុងឧទ្យានអង្គរ ដែលបង្កឡើងដោយសត្វស្វា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង