ភ្នំពេញ៖ កូនប្រុសពៅរបស់សម្តេច ហ៊ុន សែន និង ជាប្អូនប្រុសរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺលោក ហ៊ុន ម៉ានី នៅថ្ងៃទី៤ ខែកុម្ភៈ បានប្រកាសមិនអាចទទួលយកបាន ចំពោះការប្រមាថពីសំណាក់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសដែលបាន«ជេរប្រមាថ ជាមួយពាក្យអសុរស»លើកក្រុមគ្រួសាររបស់លោក ពិសេស សម្ដេច ហ៊ុន សែន។
តាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួន លោក ហ៊ុន ម៉ានី បច្ចុប្បន្នជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានរៀបរាប់យ៉ាងដូច្នេះថា "ខ្ញុំពិតជាមិនអាចទទួលយកបាន នូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សមាជិកក្រុមគ្រួសារខ្ញុំឡើយ"។
បើតាមលោក ហ៊ុន ម៉ានី បើទោះពួកគេមិនទទួលស្គាល់នូវការលះបង់របស់ក្រុមគ្រួសារលោក ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ។
ការបង្ហោះសារបែបនេះរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រឆាំងជ្រុលនិយមដែលមានមូលដ្ឋាននៅក្រៅប្រទេស បានបង្ហោះវីដេអូប្រើប្រាស់នូវពាក្យពេចន៍អសុរស មកលើសម្ដេច ហ៊ុន សែន និង សម្ដេច ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេស ដែលភាគច្រើនជាពលករ និង ជ្រកក្រោមរចនាសម្ព័ន្ធរបស់លោក សម រង្ស៊ី ប្រធានក្រុមជ្រុលនិយមនៅក្រៅប្រទេស៕