Cc times  web banner kh

មហាយក្សចិនប្រកាសដំឡើង«ពន្ធ១៥%»លើទំនិញអាម៉េរិកជាការសងសឹក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រទេសចិន នៅថ្ងៃអង្គារទី ៤ កុម្ភៈនេះ បានប្រកាសដាក់ពន្ធមួយចំនួនលើទំនិញអាម៉េរិក ១៥ភាគរយ ជាការសងសឹងទៅលើការប្រកាសដាក់ពន្ធរបស់អាម៉េរិក ១០ភាគរយ លើទំនិញរបស់ចិន ការប្រកាសដាក់ពន្ធរបស់ចិននេះរួមមាន ធ្យូងថ្ម ឧស្ម័នធម្មជាតិរាវ និងពន្ធ ១០% លើប្រេងឆៅ គ្រឿងចក្រកសិកម្ម រថយន្តដឹកជញ្ជូនធំ និងរថយន្តភីកអាប់នាំចូលពីអាម៉េរិក។ វិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី ១០ ខែកុម្ភៈខាងមុខនេះ។

ទំនិញទាំង១០ប្រភេទដែលអាម៉េរិកនាំចូលចិនច្រើនជាងគេ / AP

រដ្ឋាភិបាលក្រុងប៉េកាំង ថែមទាំងបានប្រកាស ថ្កោលទោសពន្ធគយរបស់រដ្ឋាភិបាលត្រាំដែលបានដាក់លើប្រទេសចិន និង បានប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ហើយបានប្តេជ្ញាថា នឹងការពារសិទ្ធិរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ និង ចាត់វិធានការណ៍តបតគ្នាជាមួយសហរដ្ឋអាម៉េរិកត្រឡប់ទៅវិញ។

មហាយក្សចិន នៅអាស៊ីនេះ បានចាត់ទុកការអនុវត្តពន្ធគយរបស់សហរដ្ឋអាម៉េរិក ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានមូលដ្ឋានលើច្បាប់ ធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងប្រទេសចិន និង សហរដ្ឋអាម៉េរិក និងធ្វើឱ្យរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់ពិភពលោក។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើមុខទំនិញរបស់ប្រទេស ម៉ិកស៊ិក កាណាដា និង ចិន ក្នុងគោលបំណងទប់ស្កាត់លំហូរនៃគ្រឿងញៀន និង ជនអន្តោប្រវេសន៍ដែលគ្មានឯកសារចូលទៅក្នុងអាម៉េរិក។ក្នុងពិធីចុះហត្ថលេខាលើក្រឹត្យដែលដំឡើងពន្ធ ២៥% លើការនាំចូលពីប្រទេសកាណាដា និង ម៉ិកស៊ិក ខណៈបន្ថែមពន្ធ១០% លើទំនិញពីប្រទេសចិន។ប៉ុន្តែវិធានការលើ កាណាដា និង ម៉ិកស៊ិក បានពន្យាពេល៣០ថ្ងៃក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង