
អាម៉េរិក៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី ៤ ខែ កុម្ភៈ នេះបានចេញនូវសេចក្តីថ្លែងការណ៍ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានដើរខុសជាយូរមកហើយពីបេសកកម្មដើមរបស់ខ្លួន ក្នុងការលើកកម្ពស់ផលប្រយោជន៍អាម៉េរិកនៅបរទេស ហើយឥឡូវនេះវាច្បាស់ណាស់ដែលផ្នែកសំខាន់ៗនៃជំនួយរបស់ USAID មិនសមស្របនឹងផលប្រយោជន៍ជាតិស្នូលរបស់សហរដ្ឋអាម៉េរិកទេ។

ក្នុងសេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា ជាជំហានបណ្តោះអាសន្នឆ្ពោះទៅរកការគ្រប់គ្រង និងការយល់ដឹងកាន់តែប្រសើរឡើងលើសកម្មភាពរបស់ទីភ្នាក់ងារនេះ ប្រធានាធិបតី Donald J. Trump បានតែងតាំងលេខាធិការ Marco Rubio ជាអ្នកគ្រប់គ្រងស្តីទី ហើយសភាអាម៉េរិកនឹងពិនិត្យឡើងវិញ លើសកម្មភាពជំនួយបរទេសរបស់ USAID ហើយនៅពេលដែលអាម៉េរិកវាយតម្លៃ USAID រួចនិងធានាថាជំនួយ USAID និងសមស្របតាមផលប្រយោជន៍របស់អាម៉េរិក ដើម្បីការពារផលប្រយោជន៍របស់ប្រជាជនអាម៉េរិក និងធានាថាប្រាក់ពន្ធរបស់ពលរដ្ឋអាម៉េរិកមិនត្រូវបានខ្ជះខ្ជាយឡើយ៕
