
អាម៉េរិក៖យន្តហោះពេទ្យមួយគ្រឿងរបស់អាម៉េរិកដែលមានដឹកអ្នកជំងឺជាតិម៉ិកស៊ិកម្នាក់ និង អ្នករួមដំណើរបីនាក់បានធ្លាក់ និង បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងក្រុងហ្វីឡាដែលហ្វីរបស់អាម៉េរិក និងបានស្លាប់មនុស្សប្រមាណ៧នាក់។ជាហេតុការណ៍គ្រោះថ្នាក់ កើនឡើងតែពីរថ្ងៃក្រោយគ្រោះថ្នាក់យន្តហោះបុកគ្នានៅវ៉ាស៊ីនតោន។
យោងតាមបណ្តាញផ្សព្វផ្សាយរបស់អាម៉េរិក និងសារព័ត៌មានអន្តរជាតិជាច្រើនទៀត បានរាយការណ៍អមជាមួយវីដេអូដែល គេឃើញយន្តហោះដាំក្បាលធ្លាក់ចំលើផ្ទះប្រជាពលរដ្ឋ រួចផ្ទុះឆេះឡើងទ្រលោម ក្លាយជាអគ្គិភ័យឆាបអាគារផ្ទះសម្បែង យានយន្ត ព្រមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៅក្បែរនោះ។
យន្តហោះពេទ្យមួយគ្រឿងនេះ ជាប្រភេទយន្តហោះ Learjet៥៥ ជាយន្តហោះឯកជន ហោះចេញពីអាកាសយានដ្ឋាន Northeast Philadelphia សំដៅទៅ Branson ដោយដឹកអ្នកដំណើរជាតិម៉ិកស៊ិក៦នាក់ បូករួមទាំងកុមារីម្នាក់ជាអ្នកជំងឺ និង ក្រុមគ្រូពេទ្យ។ក្នុងហេតុការណ៍នោះបានសម្លាប់មនុស្សទាំងអស់៧នាក់។
ប្រធានាធិបតីម៉ិកស៊ិក បានបញ្ជាក់ពីការស្លាប់របស់ជនជាតិម៉ិកស៊ិក ៦ នាក់នៅលើយន្តហោះដែលបានធ្លាក់ និង បានស្នើឱ្យលេខាធិការដ្ឋានកិច្ចការបរទេសជួយគ្រប់តម្រូវការទាំងអស់។
គ្រោះថ្នាក់ធ្លាក់យន្តហោះឯកជននេះ បានកើតឡើងតែពីរថ្ងៃក្រោយឧប្បត្តិហេតុឧទ្ធម្ភាគចក្រយោធាបើកបុកយន្តហោះ នៅលើផ្ទៃអាកាសក្រុងវ៉ាស៊ីនតោន ដែលបណ្តាលឱ្យស្លាប់មនុស្ស៦៧នាក់។