
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថាលោកអាចនឹងពិចារណាចូលរួមជាមួយអង្គការសុខភាពពិភពលោក (WHO) សារជាថ្មីម្តងទៀត។ ការអះអាងរបស់មេដឹកអាម៉េរិកជាប់ឆ្នោតថ្មីរូបនេះឡើងនៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Las Vegas លោកបានបញ្ចាក់ថាលោកប្រហែលជាអាចនឹងពិចារណាចូលរួមជាមួយ WHO សារឡើងវិញ។

ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលោក ដូណាល់ ត្រាំបានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅ Las Vegas ថាលោកមិនសប្បាយចិត្តទេដែលសហរដ្ឋអាម៉េរិកបានចំណាយប្រាក់ជាច្រើនទៅ WHO ជាងប្រទេសចិនដែលមានចំនួនប្រជាជនច្រើនជាងនេះតែបែរជាចំណាយតិចជាងសហរដ្ឋអាម៉េរិកទៅវិញ។

ជាការឆ្លើយតបទៅនឹងការដកខ្លួនចេញពីសមាជិកអង្កការសុខភាពពិភពលោក WHO អង្កការសុខភាពពិភពលោក WHO (World Health Organization) បានចេញនូវសេចក្តីប្រកាសមួយ ដោយសម្តែងការសោកស្តាយជាខ្លាំង ក្នុងការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកសហរដ្ឋអាម៉េរិកចេញពីសមាជិកនៃអង្កការមួយនេះ។អង្កការមួយនេះ សង្ឃឹមថាលោកប្រធានាធិបតី នឹងពិចារណាការសម្រេចចិត្ត ដើម្បីជាប្រយោជន៍ ដល់សុខភាព និង សុខុមាលភាពរបស់មនុស្សរាប់លាននាក់ជុំវិញពិភពលោក។

គួរបញ្ជាក់ថា អាម៉េរិក គឺជាសមាជិកស្ថាបនិករបស់ WHO ក្នុងឆ្នាំ ១៩៤៨ ហើយបានចូលរួមក្នុងការបង្កើត និង គ្រប់គ្រងការងាររបស់ WHO ចាប់តាំងពីពេលនោះមក រួមជាមួយរដ្ឋសមាជិកចំនួន ១៩៣ ផ្សេងទៀត រួមទាំងតាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសន្និបាតសុខភាពពិភពលោក និងក្រុមប្រឹក្សាប្រតិបត្តិ។ អង្គការសុខភាពពិភពលោក (WHO) គឺជាអង្គការនៅក្រោមឆ័ត្រអង្គសហប្រជាជាតិ បច្ចុប្បន្ន មានការិយាល័យប្រចាំការមួយនៅរដ្ឋធានី Washington, DC៕