ស្រុកស្អាង៖ ស្ពានដែកបេឡេ នៅឃុំព្រែកអំបិល ស្រុកស្អាង បណ្តាលឲ្យបាក់ស្រុត បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារ រថយន្តធុនធ្ងន់ ដឹកគ្រឿងចក្រ អេស្កាវ៉ាទរ័ មួយគ្រឿង ឆ្លងកាត់កាលពី ថ្ងៃទី២៥មករាឆ្នាំ២០២៥។ភ្លាមៗ ក្រុមការងារជំនាញ បានចុះជាប់ និងសហការ ជាមួយអាជ្ញាធរ ស្រុកស្អាង ចុះពិនិត្យស្ថានភាព ការខូចខាតជាក់ស្តែង របស់ស្ពាន។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានបេឡេ(Compact100 )មាន ទទឹង៤ម៉ែត្រ បណ្តោយ៦០ម៉ែត្រ រងការខូចខាត សរសរកណ្តាលទ្រស្ពាន ខូច២ដើមទាំងស្រុង កម្រាលស្ពានខូច៦ផ្ទាំង ធ្នឹមបណ្ដោយ (ប៉ាណូ) ខូច១១ផ្ទាំង ធ្នឹមទទឹង កោង ៨ដើម និងខូចខាតសម្ភារៈភ្ជាប់ ម៉ាណូ + ប៊ូឡុង។
ជាដំណោះស្រាយ ក្រុមការងារនិងអាជ្ញាធរស្រុក បានដោះស្រាយបណ្ដោះអាសន្ន ឲ្យប្រជាពលរដ្ឋរស់នៅក្នុង ភូមិពាមប្រជុំ ភូមិព្រែកក្រាញ់ និងភូមិព្រែកថ្មី អាចធ្វើចរាចរណ៍ ចេញ-ចូល តាមផ្លូវបេតុងខ្លោងទ្វារ វត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១វិញ។ចំណែក រថយន្តសណ្តោងស្លាកលេខ (ភ្នំពេញ 3A-3138) និងអិចស្កាវាទ័រម៉ាក CAT(320C) ត្រូវបានបញ្ជូនទៅមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដើម្បីដោះស្រាយតាមនីតិវិធី៕