Cc times  web banner kh

ស្ថានទូតអាម៉េរិកប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ ទំនាក់ទំនងការទូតសហរដ្ឋអាម៉េរិក-កម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
(ឆ្វេង) ភារធារីអាម៉េរិកលោកស្រី Bridgette L. Walker (កណ្តាល) រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាឯកឧត្តម ប្រាក់ សុខុន (ស្តាំ) រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវបណ្ឌិត ភឿង សកុណា

អាម៉េរិក៖ ស្ថានទូតសហរដ្ឋអាម៉េរិក និងរាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីជួបជុំមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងពិធីជប់លៀងវប្បធម៌ រំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត ដែលប្រារព្ធធ្វើឡើងនៅសារមន្ទីរជាតិនៃកម្ពុជា រាជធានីភ្នំពេញ។ ក្នុងខួបទី ៧៥ឆ្នាំនេះមានការចូលរួមយ៉ាងអធិបតីយ៉ាងខ្ពង់ខ្ពស់ពីរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងភារធារីសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។

ថ្លែងក្នុងពិធីគម្រប់ខួបទី ៧៥ឆ្នាំភារធារីអាម៉េរិកលោកស្រី Bridgette L. Walker មានប្រសាសន៍ថា ខួបទី ៧៥ឆ្នាំនៃប្រទេសទាំងពីរបានបង្ហាញឲ្យឃើញកាន់តែច្បាស់នៃមិត្តភាពរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសទាំងពីរ។

ជាការឆ្លើយតបរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា “កម្ពុជាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយសហរដ្ឋអាម៉េរិក ដែលបង្កើតឡើងដោយការគោរពគ្នាទៅវិញទៅមក ហើយរីករាយនឹងសន្ទុះវិជ្ជមានដែលមាននៅក្នុងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់ពីទំនាក់ទំនងពាណិជ្ជកម្ម និងប្រជាជនទៅប្រជាជន។

សម្រាប់ឯកឧត្តមកម្ពុជាប្តេជ្ញាចិត្តក្នុងការពង្រឹងចំណងមិត្តភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ហើយក៏មានបំណងចង់ចូលរួមជាមួយសហរដ្ឋអាម៉េរិកក្នុងនាមជាអ្នកសម្របសម្រួលប្រទេសសម្រាប់អាស៊ាន-សហរដ្ឋអាម៉េរិកផងដែរ។

ចំណែករដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវបណ្ឌិត ភឿង សកុណា បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក សម្រេចបាននូវចំណុចសំខាន់អស្ចារ្យក្នុងវិស័យវប្បធម៌។ ការគាំទ្ររបស់សហរដ្ឋអាម៉េរិកបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយជោគជ័យនូវសម្បត្តិវប្បធម៌រាប់រយរបស់កម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង