Cctime 6monthsfree desktop
Cc times  web banner kh (2)

រយៈពេល១ខែក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជិត១០០ករណី បញ្ចប់ដោះស្រាយ១៦ករណី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេលមួយខែពេញ ពោលគឺខែធ្នូ នៃចុងឆ្នាំ២០២៤ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្តទាំង២៥គោលដៅ បានទទួលបណ្ដឹង និង ព័ត៌មានផ្សេងៗចំនួន ៩៩ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន ៣៤ករណី (បញ្ចប់ការដោះស្រាយចំនួន១៦ករណី កំពុងដោះស្រាយចំនួន ១៨ករណី) បណ្ដឹងក្រៅសមត្ថកិច្ចចំនួន ៨ករណី ព័ត៌មានផ្សេងៗចំនួន៥៧ករណី ទទួលបានការសរសើរ ចំនួន ០៤ករណី សំណើនឹងសំណូមពរចំនួន ១៣ករណី និងការសាកសួរព័ត៌មានចំនួន ៤០ករណី។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ បានបង្ហាញទៀតថា ក្នុងរយៈពេលដូចគ្នានេះដែរ ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ក៏បានទទួលបណ្ដឹង និងព័ត៌មានផ្សេងៗសរុប ចំនួន ៣,២៩៩ករណី ក្នុងនោះបណ្ដឹង និងព័ត៌មានផ្សេងៗដែលធ្វើការសម្រាំងបានចំនួន២,៣៧០ ចំពោះបណ្តឹង ក្នុងសមត្ថកិច្ចមានចំនួន ៣៨ករណី (បញ្ចប់ការដោះស្រាយចំនួន ២៩ករណី កំពុងដោះស្រាយចំនួន ៩ករណី) បណ្ដឹងក្រៅសមត្ថកិច្ចចំនួន ១៦ករណី ព័ត៌មានផ្សេងៗចំនួន ២,៣១៦ករណី (ការសរសើរចំនួន ៨២ករណី សំណើនឹងសំណូមពរចំនួន ៤៣៥ករណី ការសាកសួរព័ត៌មានចំនួន ១,៧៩៩ករណី)។

លោក បានបន្ថែមទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញនូវអនុក្រឹតលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៧ ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ នេះឡើង ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវានិងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់ សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងអនុក្រឹត្យដដែលនេះ មានគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ក្នុងការ ទទួលនិងការសម្រុះសម្រួលដោះស្រាយបណ្ដឹងដែលពាក់ព័ន្ធការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រង រដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

អ្នកនាំពាក្យរូបនេះ បន្តទៀតថា ដោយឡែកអនុក្រឹត្យនេះមិនមានវិសាលភាពអនុវត្តចំពោះវិវាទនៅមូលដ្ឋាន និងវិវាទដែលច្បាប់ ឬដែលរាជរដ្ឋាភិបាលបានកំណត់ឱ្យស្ថាប័ន ឬយន្តការជាក់លាក់ណាមួយសម្រុះសម្រួលដោះស្រាយទេ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង