Cctime 6monthsfree desktop
Cc times  web banner kh (2)

«ផ្លូវជាតិលេខ៧១សេ»តម្លៃ១៣៣លានដុល្លារជាជំនួយរបស់ចិនបើកសម្ពោធជាផ្លូវការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្លូវជាតិលេខ៧១សេ។រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

កំពង់ចាម៖ “ផ្លូវជាតិលេខ៧១សេ ប្រវែងសរុប ១១៤,៩៩២ គីឡូម៉ែត្រ”មានតម្លៃប្រមាណ១៣៣លានដុល្លារអាម៉េរិក នៅថ្ងៃទី ១២ មេសានេះ បានប្រកាសបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ និង ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ លោក វ៉ាង វិនប៊ីន ​(Wang Wenbin) ​។

ផ្លូវជាតិលេខ៧១C មានប្រវែង ១១៤,៦២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ផ្លូវជាតិលេខ៧១សេ បានប្រកាសបើកការដ្ឋាន​រួមគ្នា​នៅ​ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោម​អធិប​តីភាពដ៏ខ្ពង់ខ្ពស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​កម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវជាតិលេខ៧១សេ បានបែងចែកជា ២ផ្នែក គឺផ្នែកខាងកើត ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងផ្នែកខាងលិច ស្ថិតនៅក្នុងខេត្តកំពង់ចាម និង បានតភ្ជាប់គ្នាតាមរយៈ ស្ពានមិត្តភាព​កម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)។ ផ្លូវជាតិលេខ៧១សេនេះ គឺជាខ្សែផ្លូវ​យុទ្ធសាស្ត្រ ប្រទាក់ក្រឡាយ៉ាងសំខាន់ និងបានតភ្ជាប់ជាមួយ​បណ្តាញ​​​ខ្សែផ្លូវជាតិ និងផ្លូវមួយចំនួន ដូចជា ផ្នែកខាងកើត តភ្ជាប់​ជាមួយ​ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវ​នានា​នៅក្នុងតំបន់​នេះ ក្នុងទិសដៅទៅកាន់ទីតាំងភូមិសាស្ត្រផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា- វៀតណាម និងផ្នែកខាងលិចវិញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ។

សម្តេច ហ៊ុន ម៉ាណែត និង ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញក្តីរំពឹងថា ផ្លូវជាតិលេខ៧១សេ នឹងបម្រើដល់ការតភ្ជាប់ទំនាក់​ទំនង​​សកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេស ការធ្វើដំណើរ​របស់ប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្ត​ជាប់​​ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ដល់ការដឹក ជញ្ជូន​ពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់​តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា៕


 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង