
ស្ទឹងត្រែង៖ កូនផ្សោតកើតថ្មីមួយក្បាលនៅដើមឆ្នាំ២០២៥ ស្ថិតនៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។កូនផ្សោតថ្មីនេះ ជាការកើនឡើងនៃសត្វផ្សោតក្បាលត្រឡោកដែលមានរត្តមាននៅកម្ពុជា ដែលមកដល់បច្ចុប្បន្នមានចំនួនរហូតដល់១០៥ក្បាល។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនផ្សោតកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩:៣០នាទីព្រឹក នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៦ក្បាលផ្សេងទៀត ហើយនេះគឺជាកូនផ្សោតទី១ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ គិតត្រឹមដើមឆ្នាំ២០២៥នេះ ចំនួនផ្សោតក្បាលត្រឡោកដែលមានវត្តមាននៅកម្ពុជា មានចំនួនកើនដល់ ១០៥ក្បាល។

គួរបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ មានកូនផ្សោត ៩ក្បាល បានកើតថ្មី និងផ្សោត ៤ក្បាលបានស្លាប់៕