ថៃ៖ ក្រុមហ៊ុនយក្សរបស់អាម៉េរិក Google បានសម្រេចចិត្តបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ និង បានកំពុងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ធំមួយនៅក្នុងខេត្តឈុនបុរីនៃប្រទេសថៃ។ នេះបើយោងតាមប្រធានផ្នែកវិនិយោគរបស់ Google លោកស្រី Ruth Porat បានជួបជាមួយនាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra នៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos កាលពីថ្ងៃពុធ។
នាយកប្រតិបត្តិក្រុមហ៊ុន Google បានថ្លែងអំណរគុណដល់រដ្ឋាភិបាលថៃ សម្រាប់ការគាំទ្រផែនការរបស់ខ្លួនក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យនៅឈុតបុរី ដែលកំពុងសាងសង់ ហើយនឹងរួចរាល់សម្រាប់ប្រតិបត្តិការក្នុងរយៈពេលប្រហែល ២ ឆ្នាំខាងមុខ។ លោកស្រីអះអាងទៀតថាក្រុមហ៊ុន Google នឹងរក្សាការគាំទ្ររបស់ខ្លួនដល់រដ្ឋាភិបាលថៃ រួមទាំងក្រសួងអប់រំ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបណ្តុះបណ្តាលជំនាញឌីជីថល។
ជាការឆ្លើយតបនាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn បានប្រាប់លោកស្រី Porat ថាលោកស្រីសង្ឃឹមថា Google នឹងពិចារណាជ្រើសរើសប្រទេសថៃធ្វើជាមូលដ្ឋានផលិតកម្មចម្បងរបស់ខ្លួនសម្រាប់ផលិតផលឌីជីថលរបស់ក្រុមហ៊ុន ហើយរដ្ឋាភិបាលថៃត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Google បន្ថែមទៀតនៅក្នុងប្រទេសថៃ៕