Cctime 6monthsfree desktop
Cc times  web banner kh (2)

ជប៉ុនផ្តល់«ឡដុតសំណល់ឆ្លងរោគ»ចំនួន២៩ ដល់ក្រសួងសុខាភិបាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ជប៉ុនផ្តល់ជូនឡដុតសំណល់ឆ្លងរោគ ចំនួន២៩ ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា ជូនដល់ក្រសួងសុខាភិបាល ដែលជាអំណោយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល ក្នុងពិធីប្រគល់-ទទួល ឡដុតសំណល់ឆ្លងរោគ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា អមដោយ លោក សាណុយ កាហ្សូម៉ាស្សា (SANUI Kazumasa) បានចូលរួមក្នុងពិធីប្រគល់-ទទួល ឡដុតសំណល់ឆ្លងរោគ ចំនួន២៩ ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា ក្នុងការពង្រឹងមូលដ្ឋានសុខាភិបាល និងធ្វើឱ្យប្រសើរឡើងនូវស្ថេរភាពបរិស្ថានក្នុងមន្ទីរពេទ្យ។

ឡដុតសំណល់ឆ្លងរោគទំនើបទាំង២៩ ដែលជាជំនួយឥតសំណងនេះ បានបំពាក់នូវបច្ចេកវិទ្យាទំនើបរបស់ជប៉ុន ដែលមានសមត្ថភាពធ្វើប្រព្រឹត្តកម្មសំណល់រហូតដល់ ១៤៥២គីឡូក្រាម ក្នុង១ថ្ងៃ នៅតាមមន្ទីរពេទ្យក្នុងខេត្តគោលដៅចំនួន១០ រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពងចាម កំពត កណ្តាល ក្រចេះ ព្រៃវែង សៀមរាប និងខេត្តស្វាយរៀង។ ឡដុតនេះ មានប្រសិទ្ធភាពប្រព្រឹត្តកម្មលើ៖ (1) សំណល់ឆ្លងរោគ (2) សំណល់សរីរាង្គកាយ (3)សំណល់វត្ថុមុតស្រួច និង(4)សំណល់ឱសថ (បរិមាណតិចតួច)។

លោក សាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួយនេះជាអំណោយដ៏វិសាលភាពធំធេង ដែលនឹងចូលរួមជួយកាត់បន្ថយការចម្លងរោគក្នុងមន្ទីរពេទ្យ ធ្វើឱ្យប្រសិទ្ធិភាពនៃការព្យាបាលមានការកើនឡើង កាត់បន្ថយនូវមេរោគស៊ាំថ្នាំ កាត់បន្ថយរយៈពេលស្នាក់នៅរបស់អ្នកជំងឺក្នុងមន្ទីរពេទ្យ ព្រមទាំងបានសង្កត់ធ្ងន់ថា គម្រោងនេះបង្ហាញពីការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង