អង្គការទស្សនៈពិភពលោកកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយនៅទីក្រុងភ្នំពេញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជារាជរដ្ឋាភិបាលកម្ពុជា តំណាងពីក្លិបកុមារនិងយុវជន ដៃគូអភិវឌ្ឍន៍អន្តរជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសឱ្យមានការឆ្លុះបញ្ចាំងពីវឌ្ឍនភាពដែលបានសម្រេចបានចាប់តាំងពីការចាប់ផ្តើមយុទ្ធសាស្រ្តប្រាំឆ្នាំរបស់អង្គការទស្សនៈពិភពលោក ជាពិសេសអំពីអ្វីដែលបានដំណើរការល្អ អ្វីដែលមិនដំណើរការ ដើម្បីកែលម្អ ដោយដាក់កុមារជាស្នូលនៃការអភិវឌ្ឍន៍កម្ពុជា និងធានាឲ្យបានសុខុមាលភាពសម្រាប់អ្នកជំនាន់ក្រោយ។
វត្តមានយូរអង្វែងរបស់អង្គការទស្សនៈពិភពលោក សិក្ខាសាលាពិគ្រោះយោបល់នេះ បានបើកកម្មវិធីដោយតំណាងក្រុមប្រឹក្សាកុមារ និងយុវជននៃអង្គការទស្សនៈពិភពលោក ឈ្មោះថា រីម៉ា និង ឆៃដែន ។ ពួកគេបានចែករំលែកពីរបៀបដែលកម្មវិធីរបស់អង្គការទស្សនពិភពលោកបានជួយពួកគេឲ្យមានភាពជឿជាក់លើខ្លួនឯង និងមានក្តីសង្ឃឹមសម្រាប់អនាគត។ រឿងរ៉ាវរបស់ពួកគេបានបង្ហាញពីផលវិជ្ជមានដ៏ធំធេងនៃការងាររបស់អង្គការ មកលើជិវិតរបស់ពួកគេ។ ពួកគេក៏បានពាំនាំសំឡេងរបស់កុមារ និងយុវជនដែលជាអនុសាសន៍សម្រាប់អង្គការទស្សនៈពិភពលោកដើម្បីធានាបាននូវការចូលរួមរបស់កុមារ និងយុវជនប្រកបដោយបរិយាប័ន្ន។ បន្ទាប់មក នាយកប្រចាំប្រទេស របស់អង្គការទស្សនៈពិភពលោកកម្ពុជា លោក Janes Imanuel Ginting បានបង្ហាញពីបរិបទនៃការពិនិត្យយុទ្ធសាស្រ្ត និងបានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ចំពោះភាពជាដៃគូដែលមានផលវិជ្ចមានលើសុខុមាលភាពកុមារ។
លោកនាយកបានមានប្រសាសន៍ថា៖ "អស់រយៈពេលជាងប្រាំទសវត្សរ៍មកហើយ អង្គការទស្សនៈពិភពលោកបានធ្វើការជាមួយសហគមន៍ និងដៃគូតាមមូលដ្ឋាន ដើម្បីផ្លាស់ប្រែជីវិតកុមារ និងគ្រួសារពួកគាត់"។ "បេសកកម្មរបស់យើង 'ដើម្បីកុមារគ្រប់រូប មានជីវិតពេញបរិបូរណ៍' បានជម្រុញកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបង្កើតការផ្លាស់ប្រែប្រកបដោយនិរន្តរភាព។" នៅឆ្នាំ២០២៣ អង្គការទស្សនៈពិភពលោកបានចាប់ផ្តើមយុទ្ធសាស្រ្តរយៈពេលប្រាំឆ្នាំរបស់ខ្លួន ដោយមានគោលដៅដ៏ធំបំផុតក្នុងការផ្តល់ផលវិជ្ជមានដល់កុមារចំនួន៥លាននាក់ ជាពិសេសកុមារដែលងាយរងគ្រោះបំផុត ឲ្យបានមុនបំណាច់ឆ្នាំ២០២៧។ ឈានដល់ពាក់កណ្តាលអាណត្តិនៃយុទ្ធសាស្រ្ត សិក្ខាសាលានេះជាពេលវេលាដើម្បីពិនិត្យមើលវឌ្ឍនភាព ស្វែងរកមតិត្រឡប់ពីដៃគូ និងកែសម្រួលផែនការដែលចាំបាច់ ដើម្បីធានាសម្រេចបានជោគជ័យមុនបំណាច់ឆ្នាំ២០២៧។
វឌ្ឍនភាពនិងសមិទ្ធិផលនៃយុទ្ធសាស្រ្តរបស់អង្គការទស្សនៈពិភពលោកក្នុងរយៈពេលពីរឆ្នាំកន្លងមកត្រូវបានចែករំលែកនៅក្នុងសិក្ខាសាលានេះ។ អង្គការទស្សនៈពិភពលោកបានផ្តល់ផលវិជ្ជមានដល់កុមារចំនួនជាង៣លាននាក់ នៅទូទាំង ២០ខេត្ត រួមទាំងរាជធានីភ្នំពេញផងដែរ។ តាមវិស័យអប់រំ អង្គការទស្សនៈពិភពលោកបានជួយកុមារចំនួនជាង១៩៧០០០នាក់ ឱ្យពួកគេបានចូលរួមក្នុងការសិក្សាប្រកបដោយគុណភាព និងប្រកបដោយបរិយាប័ន្ន ដោយជំនៈរនាំងភាពក្រីក្រ និងរនាំងដែលមិនត្រូវបានគេរាប់បញ្ចូល។ ក្នុងកម្មវិធីការពារកុមារ អង្គការទស្សនៈពិភពលោកបានការពារកុមារចំនួន ២៩៥០០០ នាក់ពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការធ្វេសប្រហែស។ តាមរយៈគម្រោងផ្សេងៗ អង្គការបានបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់កុមារ ដើម្បីលើកកម្ពស់សុខុមាលភាព និងការអភិវឌ្ឍរបស់ពួកគេ។
អង្គការទស្សនៈពិភពលោកក៏បានគាំទ្រសហគ្រិនចំនួន២៦០០នាក់ ក្នុងការចាប់ផ្តើមអាជីវកម្ម និងបណ្តុះបណ្តាល កសិករចំនួន២៦០០នាក់ពីបច្ចេកទេសកសិកម្មឆ្លាតវៃ បស្ស៊ាំនឹងការបម្រែបម្រួលអាកាសធាតុ ដើម្បីលើកកម្ពស់ជីវភាពប្រកបដោយយចីរភាព។ លើសពីនេះ ក្រុមសន្សំនៃអង្គការទស្សនៈពិភពលោក បានផ្តល់សេវាហិរញ្ញវត្ថុដល់គ្រួសារដែលងាយរងគ្រោះចំនួន៥៦០០គ្រួសារ ដើម្បីជួយឱ្យគ្រួសារទាំងនោះបង្កើនស្ថិរភាពសេដ្ឋកិច្ចរបស់ពួកគេ។
កម្មវិធីទាំងនេះមានសារៈសំខាន់ក្នុងបំបែកវដ្តនៃភាពក្រីក្រ ការកសាងសហគមន៍ដែលមានភាពធន់ និងផ្តល់ឧបករណ៍សម្រាប់គ្រួសារដើម្បីយកឈ្នះលើបញ្ហាប្រឈមសេដ្ឋកិច្ច។
ឯកឧត្ដម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានទទួលស្គាល់ការរួមចំណែករបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ចំពោះការអភិវឌ្ឍន៍នៅកម្ពុជា រួមមានការលើកកម្ពស់គុណភាពការផ្តល់សេវាសាធារណៈ តាមការអនុវត្តគម្រោងគណនេយ្យភាពសង្គម ដែលជាជំនួយឧបត្តម្ភពីរដ្ឋាភិបាលអូស្ត្រាលី (DFAT) តាមរយៈមូលនិធិបរធនបាលកិច្ចរបស់ធនាគារពិភពលោក។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានលើកឡើងពីធាតុសំខាន់ៗនៃកម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ (D&D) និងបានពន្យល់ពីភាពបន្ស៊ីគ្នា រវាងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តគណនេយ្យភាពសង្គម។ ឯកឧត្តមបានផ្តល់អនុសាសន៍ថា៖ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ត្រូវបានលើកទឹកចិត្តឱ្យរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព ថវិការបស់ខ្លួន ដើម្បីរួមចំណែកបន្តការគាំទ្រដល់កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ(D&D)។ ទាំងនេះរួមមានការគាំទ្រដល់ការរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិការប្រចាំឆ្នាំ គ.ជ.អ.ប. ដែលជាការចូលរួមចំណែកក្នុងពាក់កណ្តាលការអនុវត្តកម្មវិធីជាតិតំណាក់កាលទី២ដែលនឹងត្រូវរៀបចំនៅឆ្នាំ២០២៥។
ការកិច្ចពិភាក្សាក្នុងសិក្ខាសាលា បានរកឃើញពីការបញ្ហាប្រឈមដែលអង្គការសង្គមស៊ីវិលបានជួបប្រទះ ដោយអ្នកជំនាញដូចជា អ្នកស្រី ស៊ិន ពុទ្ធារី នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការសម្រាប់កម្ពុជា លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ អ្នកនាង នាង ណូតហានី អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នៅខេត្តកណ្តាល និងអ្នកស្រី Susanne Seith ប្រធានគ្រប់គ្រងកម្មវិធីតំបន់អាស៊ីនៃអង្គការទស្សនៈពិភពលោកអាល្លឺម៉ង់។ អ្នកចូលរួមពិភាក្សាទាំងអស់បានឯកភាពពីតម្រូវការដើម្បីកិច្ចសម្របសម្រួលកាន់តែប្រសើរឡើងក្នុងចំណោមភាគីពាក់ព័ន្ធ ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងដំណោះស្រាយប្រកបដោយភាពឆ្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដូចជាការប្រែប្រួលអាកាសធាតុ វិសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលទាំងអស់នេះមានឥទ្ធិពលផ្ទាល់លើអនាគតកុមារ។