
ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ ពលករខ្មែរជាច្រើន បានសម្រាកពីការងារនៅប្រទេសថៃ បានវិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាច្រើនកុះករ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីធ្វើដំណើរត្រឡប់មកលេងស្រុកកំណើត ជួបជុំគ្រួសារ សាច់ញាតិ បងប្អូន ដោយរាជរដ្ឋាភិបាលមានការជួយសម្របសម្រួល ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ដល់បងប្អូនពលករដែលបានធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយជួយសម្របសម្រួល ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ។ ពលករខ្មែរ បានលើកឡើងថា សប្បាយចិត្តជាខ្លាំងនៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំដោយពុំមានការចំណាយលើថ្លែសេវាអស់ទាំងនេះ ដែលជាការជួយសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករវិលមកលេងស្រុកកំណើត។

ក្រុមការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារនៃច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ និងអាជ្ញាធរថៃ នៅបន្តរង់ចាំជួយសម្របសម្រួលអន្តរាគមន៍នានា ដោយមានការចែកភេសជ្ជៈ ទឹកសុទ្ធ នំផ្អែម នំប៉័ង ជូនបងប្អូនជាបន្តបន្ទាប់ អំឡុងពេលបងប្អូនពលករខ្មែររង់ចាំបំពេញឯកសារផ្សេងៗ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ បានឯកភាពតាមសំណើរបស់ក្រសួងការងារថៃ លើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) ដល់ពលករខ្មែរ ឡាវ និងភូមា អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីសម្រួលដល់ការចំណាយ និងពេលវេលា៕



