ប៉េកាំង៖ តុលាការក្រុងប៉េកាំងនៅថ្ងៃ ទី២០ ខែមករា បានសម្រេចកាត់ទោសប្រហារជីវិតបុរសម្នាក់ ដែលបានបើកឡានបុករះសម្លាប់មនុស្សចំនួន ៣៥នាក់ នៅទីក្រុង Zhuhai ភាគខាងត្បូង កាលពីខែវិច្ឆិកា ដែលជាបុករះផ្តាច់ជីវិតមនុស្សដ៏ធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំ។ ក្នុងសេចក្តីថ្លែងការណ៍របស់តុលាការចិនកាលពីថ្ងៃទី ១១ ខែវិច្ឆិកាជនល្មើសមានឈ្មោះថា Fan Weiqiu អាយុ ៦២ឆ្នាំបានបើកឡាន SUV បុករះចូលទៅកន្លែងហ្វូងមនុស្សដែលកំពុងហាត់ប្រាណដែលបានធ្វើឱ្យរបួស ៤៥ នាក់និងស្លាប់ ៣៥នាក់។
តាមតុលាការចិនជនល្មើសត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមុន ដោយសារការបុករះសម្លាប់មនុស្សច្រើនសន្ធឹកសន្ធាប់បែបនេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុត ហើយការសម្រេចប្រហារជីវិតជនល្មើស Fan Weiqiu គឺធ្វើឡើងស្របតាមដីកាប្រតិបត្តិដែលចេញដោយតុលាការប្រជាជនកំពូលនៃប្រទេសចិន។
វីដេអូដែលត្រូវបានបង្ហោះដោយបណ្តាញសង្គមចិនបានបង្ហាញមានសាកសពជនរងគ្រោះ និងអ្នករបួសជាច្រើននាក់ត្រូវដេកស្លាប់ តាមដងផ្លូវ និងមានស្បែកជើងជាច្រើនរាយប៉ាយពាសពេញផ្លូវថ្នល់។ ភ្លាមៗក្រោយពេលកើតហេតុពេលប៉ូលិសឃាត់មិនឲ្យជនល្មើសបន្តទៅមុន រូបគេក៏បានយកកាំបិតចាក់សម្លាប់ខ្លួនក៏ប៉ុន្តែត្រូវបានប៉ូលីសជួយសង្រ្គោះ និងបញ្ជូនទៅសង្រ្គោះបន្ទាន់។
អាជ្ញាធរចិនបានអះអាងថាការសម្រេចចិត្តបុកមនុស្សស្លាប់ទាំងកម្រោលនេះ កើតចេញពីការមិនពេញចិត្តរបស់លោកចំពោះការចែក ទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍មិនស្មើភាពក្រោយពីរូបលោកបានលែងលះគ្នា៕