ភ្នំពេញ៖ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) គឺជាសាកលវិទ្យាល័យកម្ពុជាទី១ដែលមានកិច្ចសហប្រតិបត្តិការបង្រៀនមគ្គុទេ្ទសក៍ជាមួយក្រុមហ៊ុនលោកបណ្ឌិត Jonh C. Maxwell ជាក្រុមហ៊ុនផ្នែកមគ្គុទេ្ទសក៍ដ៏ល្បីល្បាញលើឆាកអន្តរជាតិរបស់អាម៉េរិក។បច្ចុប្បន្ន សាកលវិទ្យាល័យបញ្ញាសាស្ត្រ សម្រេច ជាផ្លូវការបើកក្រុមហ៊ុន “Maxwell Leadership” នៅកម្ពុជាដោយមានអគារផ្ទាល់ខ្លួន សម្រាប់ហ្វឹកហ្វឺនកម្មវិធីបណ្តុះបណ្តាល និង មគ្គុទេ្ទសក៍ ជំរុញកំណើនភាពជាអ្នកដឹកនាំលំដាប់ថ្នាក់អន្តរជាតិ និង ពង្រឹងឧត្តមភាពវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា។
ពិធីសម្ពោធអគារជាផ្លូវការ “Maxwell Leadership Cambodia” និង “វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា” ត្រូវបានប្រកាសរៀបចំឡើង នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោកតា បណ្ឌិត កុល ផេង បិតាស្ថាបនិក និង ជាប្រធាននៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ព្រះនាង នរោត្តម ជេណ្ណា ឯកឧត្តម វ៉េង សិរីវុឌ្ឍ ប្រធានក្រុមភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឯកឧត្តម តាំង រតនា អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និង ប្រកាសបើកដោយ លោក ង៉ែត សុខឡា អគ្គនាយក ម៉ាកស្វែលន៍ លីដឺស៊ីប ធីម ខេមបូឌា (Maxwell Leadership Team Cambodia) និង វិទ្យាស្ថានមគ្គុទ្ទេសក៍ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
ការបើកសម្ពោធជាផ្លូវការនូវអគារថ្មីនេះ ត្រូវបានថ្នាក់ដឹកនាំទាំងអស់ចាត់ទុក ជាឪកាសដ៏អស្ចាចារ្យមួយសម្រាប់ការសហប្រតិបត្តិការរវាង ក្រុមហ៊ុន Maxwell Leadership និង សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាមួយនឹងវគ្គបណ្ដុះបណ្ដាលរបស់ក្រុមហ៊ុន ចន ស៊ី ម៉ាក់ស្វែល និង បើកឱកាសដល់និស្សិត និងម្ចាស់អាជីវកម្ម គ្រប់កម្រិត ដើម្បីអភិវឌ្ឍខ្លួន ក្នុងការបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និង ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សឱ្យកាន់រីកចម្រើនជានិច្ចនិរន្តន៍ សម្រាប់ថ្ងៃអនាគត។
គួរបញ្ជាក់ថា Maxwell Leadership Team Cambodia ដឹកនាំដោយលោក ង៉ែត សុខឡា ជាយុវជនខ្មែរទី១ ទទួលបានការបង្វឹក បណ្តុះបណ្តាលដោយផ្ទាល់ពី លោកបណ្ឌិត John C. Maxwell។ កន្លងមក យុវជនកម្ពុជារូបនេះ បានបង្វឹក និងបណ្ដុះបណ្ដាល សិក្ខាកាម សិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន និងម្ចាស់អាជីវកម្ម ជាច្រើនពាន់នាក់ ទៅលើវគ្គបណ្ដុះបណ្ដាលរបស់លោកបណ្ឌិត John C. Maxwell និងវគ្គផ្សេងៗទៀតក្នុងប្រទេសកម្ពុជា៕