ភ្នំពេញ៖ ប្រមុខរដ្ឋសភាប្រទេសម៉ាឡេស៊ី លោក តាន់ ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល (Tan Sri Dato Johari bin Abdul) បានថ្លែងចាត់ទុកសម្តេច ហ៊ុន សែន គឺជារដ្ឋបុរសដ៏ល្បីល្បាញ (Legend) ដែលថ្នាក់ដឹកនាំនៅលើពិភពលោកគួរយកគំរូតាម។ការថ្លែងយ៉ាងដូច្នេះ គឺដោយលោកយល់ថា បានបូជាលះបង់យ៉ាងធំធេង និង ជាមគ្គទ្ទេសក៍ឆ្នើម ក្នុងបុព្វហេតុបង្រួបបង្រួម និងផ្សះផ្សាជាតិជាធ្លុងមួយ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។
ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នៅវិមានព្រឹទ្ធសភា លោកតាន់ ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល ប្រធានរដ្ឋសភាម៉ាឡេស៊ី បានសម្តែងពីភាពភ្ញាក់ផ្អើមពេលបានឃើញពីការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់កម្ពុជា ក្រោមការដឹងនាំរបស់សម្តេច ហ៊ុន សែន អស់រយៈពេលជាច្រើនឆ្នាំ។សម្រាប់លោក ចង់ឱ្យថ្នាក់ដឹកនាំ និង យុវជនអាស៊ានជំនាន់ក្រោយ ធ្វើការសិក្សានិងឈ្វេងយល់អំពីគំរូវីរភាព និងស្នាដៃរបស់សម្តេច ដែលជាថ្នាក់ដឹកនាំគំរូ និងគួរឱ្យគោរពនៅអាស៊ីអាគ្នេយ៍។
ទាក់ទងនឹងទំនាក់ទំនងកម្ពុជា និង ម៉ាឡេស៊ីវិញ លោកតាន់ ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល បានមើលឃើញពីភាពរីកចម្រើន និង ចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានា នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធនាគារ ... ជាពិសេស ការផ្លាស់ប្តូរ មិនត្រឹមតែកម្រិតសមាជិក-សមាជិកាសភាប៉ុណ្ណោះទេ ក៏ប៉ុន្តែ ការផ្លាស់ប្តូរនិស្សិត តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅម៉ាឡេស៊ី។
តបជាមួយការលើកឡើងរបស់លោកតាន់ ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល សម្តេច ហ៊ុន សែន អំណរគុណ ប្រធានរដ្ឋសភា ចំពោះការលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និង ម៉ាឡេស៊ី។ សម្តេច ក៏បានចែករំលែកពីការលំបាកពីអតីតកាលដែលកម្ពុជាបានឆ្លងកាត់ និងក្រោមការដឹកនាំរបស់សម្តេច កម្ពុជាអាចសម្រេចបាននូវការឯកភាពគ្នា សុខសន្តិភាព និងការអភិវឌ្ឍ ដែលមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។
បើតាមសម្តេច ហ៊ុន សែន មានសេចក្តីរីករាយដោយបានឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរមានការកើនឡើង ជាពិសេស ការផ្លាស់ប្តូរយ៉ាងច្រើននៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និង សាទរចំពោះ ទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើងក្នុងរយៈពេល១២ខែចុងក្រោយនេះ។សម្រាប់សម្តេច កម្ពុជា និងម៉ាឡេស៊ី គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍៕