Cc times  web banner kh

ក្រសួងអប់រំផ្តើមពិនិត្យ«វិញ្ញាសា»សម្រាប់ប្រឡងបាក់ឌុបឆ្នាំ២០២៥

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យទិដ្ឋភាពរួម និងកែលម្អដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះបានពិនិត្យពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា៖ (១). ទិដ្ឋភាពទូទៅនៃដំណើរការប្រឡង ការងារមុនពេលប្រឡង ដំណើរការសំណេរ និងកំណែ (២). សេចក្តីណែនាំស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ សាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ (៣). ការធ្វើបច្ចុប្បន្នកម្មឯកសារគតិយុត្ត វិញ្ញាសាប្រឡង និងការកំណត់ពិន្ទុ ការកំណត់និទ្ទេស (៤). ពង្រឹងយន្តការកំណែ និងដាក់ពិន័យ ការរៀបចំគណៈកម្មាការកំណែ និងពិនិត្យបច្ចេកទេសកំណែ (៥). ទីតាំងកំណែ និងផ្ទៀងផ្ទាត់ និងកន្លែងស្រង់ពិន្ទុ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុ (៦). វិធានការគន្លឹះកែលម្អដំណើការសំណេរ (៧). សម្ភារៈ និងថវិកាត្រៀមសម្រាប់ដំណើរការប្រឡង និង(៨). វិធានការគន្លឹះឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារទទួលបន្ទុកការប្រឡងមធ្យមសិក្សាទុតិយភូមិ និងភាគីពាក់ព័ន្ធទាំងអស់ ដែលជានិច្ចកាលយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបន្តកែលម្អកិច្ចការការងារប្រឡងនេះឱ្យល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងសូមឱ្យបន្តរក្សាស្មារតីសហការគ្នាឱ្យបានគត់មត់ ដើម្បីបន្តអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលមិនត្រឹមតែសម្រាប់វាស់ស្ទង់ចំណេះដឹងរបស់សិស្សានុសិស្សប៉ុណ្ណោះទេ ថែមទាំងត្រូវយកលទ្ធផលការប្រឡងនេះសម្រាប់វាយតម្លៃសាលារៀនគំរូ ដែលជាការងារអាទិភាពចម្បងមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង