Cc times  web banner kh

សម្តេច ហ៊ុន សែន លើកពីបទពិសោធន៍សន្តិភាពនៅកម្ពុជាភ្ជាប់គ្នាជាមួយសង្គ្រាមនៅអ៊ុយក្រែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង សម្តេច ហ៊ុន សែន និង សម្តេច ហ៊ុន ម៉ាណែត ។

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាបុរសខ្លាំងរបស់កម្ពុជា នៅថ្ងៃទី ១៥ មករានេះ បានចេញសារលើកឡើងពីបទពិសោធន៍ក្នុងការស្វែងរកសន្តិភាព និង រក្សាសន្តិភាពនៅកម្ពុជា ក្នុងគ្រាដែលប្រទេសអ៊ុយក្រែន កំពុងមានសង្គ្រាមរាំរៃមិនទាន់ចប់។សម្រាប់សម្តេច បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាព និងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោយលោកត្រាំឈ្នះឆ្នោត និង មុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។

តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង?

សម្រាប់ខ្ញុំប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សឹបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការវានៅតែប៉ុណ្ណឹង។

ការជាក់ស្តែងរយៈពេលកន្លងមកនេះកម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការកាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នយោបាយទណ្ឌកម្មនេះប្រៀបដូចជា (ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង)។

បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។ មិត្តភក្តិ​បរទេសគួរលើកទឹកចិត្ត ឲ្យចរចាជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់។ បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាពនិងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។ ខ្ញុំគិតថាករណីអ៊ុយក្រែន ក៏ដូចគ្នាគឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថាតើគួរចរចា ឬមិនចរចាមិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង