ចិន៖ ប្រទេសចិនបានសម្រេចជោគជ័យ៥៤%ក្នុងការសាងសង់កប៉ាល់ទេសចរណ៍យក្សដែលផ្ទុកមនុស្សបានដល់ទៅ ៥,២៤៦នាក់ កប៉ាល់ខ្នាតយក្សទីពីរដឹកអ្នកទេសចរណ៍ដែលមានឈ្មោះថា Adora Flora City គ្រោងនឹងដាក់ដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០២៦។ កប៉ាល់ទេសចរណ៍ដ៏ធំទីពីររបស់ប្រទេសចិនដែលសាងសង់ក្នុងស្រុកដែលមានឈ្មោះថា "Adora Flora City" នេះបានបញ្ចប់ការផ្គុំតួខ្លួននៅក្នុងទីក្រុងសៀងហៃកាលនៅថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតរដ្ឋចិន CCTV ។
បើតាមអ្នកជំនាញសាងសង់កប៉ាល់ចិននេះបានឲ្យដឹងថានាកប៉ាល់ទេសចរណ៍ដ៏ធំទីពីរបច្ចុប្បន្នសម្រេចបាននូវដំណើរការគម្រោងទាំងស្រុងចំនួន ៥៤ ភាគរយ ដោយថ្មីនេះគ្រឿងបង្គុំកប៉ាល់យក្សត្រូវបានតម្លើងរួចរាល់។ អ្នកជំនាញសាងសង់ដដែលបន្តទៀតថាកប៉ាល់នេះមានបណ្តោយប្រវែង ៣៤១ ម៉ែត្រ និងទទឹង ៣៧,២ ម៉ែត្រ និងមានបន្ទប់ ២១៤៤ បន្ទប់។
គួរបញ្ជាក់ថានាវាទេសចរណ៍ដ៏ធំដែលផលិតក្នុងស្រុកដំបូងគេបង្អស់របស់ប្រទេសចិនគឺនាវា Adora Magic City បានចាកចេញពីកំពង់ផែក្នុងទីក្រុងសៀងហៃកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ សម្រាប់ដំណើរទេសចរណ៍ពាណិជ្ជកម្មដំបូងរបស់ខ្លួន ដោយបើកទំព័រថ្មីសម្រាប់ឧស្សាហកម្មសាងសង់កប៉ាល់ និងនាវារបស់ប្រទេស ហើយប្រទេសចិនបានសម្រេចសាងសង់នាវាដឹកអ្នកទេសចរណ៍ទីពីរ Adora Flora City ដែលមានសមត្ថភាពខ្ពស់ និងផ្ទុកមនុស្សបានច្រើនជាងកប៉ាល់ទី១របស់ខ្លួន៕