ឥណ្ឌា៖ ប្រជាពលរដ្ឋឥណ្ឌាដែលកាន់សាសនាហិណ្ឌូប្រមាណជាង៤០០លាននាក់កំពុងតែសម្រុកនាំគ្នាទៅចូលរួមពិធីបុណ្យសាសនាដ៏ធំដែលមានឈ្មោះថា Maha Kumbh mela ដែលប្រព្រឹត្តិរៀងរាល់១២ឆ្នាំម្តង ពិធីបុណ្យនេះបានជំរុញឲ្យពលរដ្ឋឥណ្ឌារាប់លាននាក់ចូលខ្លួនទៅងូតទឹកជម្រះបាបនៅក្នុងទឹកទន្លេប្រសិទ្ធរបស់ប្រទេសឥណ្ឌា។ ពិធីបុណ្យដ៏ធំសម្បើមនេះចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី ១៣មករា រហូតដល់ថ្ងៃ ២៦ ខែកុម្ភៈ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាមានយ៉ាងហោចណាស់មនុស្ស ៤០០លាននាក់ច្រើនជាងចំនួនប្រជាជននៃសហរដ្ឋអាម៉េរិកកំពុងតែសម្រុកទៅកាន់ទីក្រុងសាសនាដ៏ធំ Prayagraj ដែលមនុស្សម្នាកកកុញរាប់លាននាក់កំពុងនាំគ្នាធ្វើពិធីបុណ្យសាសនាហិណ្ឌូ Maha kumbh mela ។ ព្យុះហយាត្រាសាសនាដ៏ធំនេះមានការចូលរួមជាច្រើនពីពលរដ្ឋឥណ្ឌាដែលកាន់សាសនាហិណ្ឌូ អ្នកទាំងអស់គ្នាជឿជាក់ថាក្រោយពីងូតទឹកទន្លេប្រសិទ្ធនេះហើយនោះអំពើបាបទាំងពួងនិងរលាយខ្ចាត់ខ្ចាយ។
ជាការឆ្លើយតបជាមួយនិងកំណើនមនុស្សប្រមូលផ្តុំគ្នារាប់លាននាក់រដ្ឋាភិបាលឥណ្ឌាបានសាងសង់រោងបាយជាង ៣,០០០ និងបន្ទប់ទឹកចំនួន ១៥ម៉ឺនបន្ទប់ កាំមេរ៉ា AI ២៥០០ គ្រាប់ និងបញ្ជូនកងកម្លាំងការពារសន្តិសុខរាប់ម៉ឺននាក់ទៅកាន់កន្លែងប្រារព្ធសាសនាដើម្បីការពារសុវត្ថិភាព។
គួរបញ្ជាក់ថាជាទូទៅប្រទេសឥណ្ឌាតែងតែកើនមានគ្រោះរត់ជាន់ជើងគ្នាក្នុងពិធីបុណ្យសាសនាធំៗដោយគ្រោះរត់ជាន់គ្នាកាលពីកន្លងទៅបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់បាត់បង់ជីវិត និងរាប់នាក់ទៀតរងរបួស៕