ជប៉ុន៖ អាជ្ញាធរជប៉ុនបានធ្វើការព្រមាន និងប្រកាសអាសន្នភ្លាមៗកាលពីយប់ថ្ងៃទី ១៣មករា ក្រោយពីគ្រោះរញ្ជូយដីកម្រិត ៦.៩រ៉ិចទ័របានវាយប្រហារភាគនិរតីប្រទេសជប៉ុនម៉ោងប្រមាណជាង ៩យប់ថ្ងៃច័ន្ទ។ អាជ្ញាធរបានជម្លៀស និងអំពាវនាវឲ្យពលរដ្ឋដែលរស់នៅក្នុងខេត្តរងគ្រោះមានដូចជាខេត្ត Miyazaki និង Kochi ដែលស្ថិតក្បែរសមុទ្រឲ្យស្វែងរកទីតាំងមានសុវត្ថិភាពជាបណ្តោះអាសន្នរងចាំការជូនដំណឹងជាថ្មី។
យោងតាមការចេញផ្សាយដោយកាសែតជប៉ុន KYODO ការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានដាក់ចេញបន្ទាន់សម្រាប់ខេត្ត Miyazaki នៅភាគនិរតីនៃកោះ Kyushu ដែលជាចំណុចកណ្តាលនៃការរញ្ជួយដី ក៏ដូចជាសម្រាប់ខេត្ត Kochi ដែលគ្រោះរញ្ជួយដីបានវាយប្រហារ ។អ្នកស្រុកនៅតំបន់ឆ្នេរមួយចំនួនត្រូវបានជម្លៀស ហើយរថភ្លើងមួយចំនួនបានផ្អាកឈប់ដំណើរការ។ គិតមកដល់ពេលនេះនៅមិនទាន់មានរបាយការណ៍អំពីការខូចខាតភ្លាមៗនោះទេ។
តាមអាជ្ញាធរជប៉ុនរលកយក្សស៊ូណាមិ ដែលមានកម្ពស់ប្រហែលមួយម៉ែត្របានហៀរហូរដល់ដីក្នុងរយៈពេល ៣០ នាទីបន្ទាប់ពីការរញ្ជួយ ហើយតំបន់ Kyushu បានទទួលរងការរញ្ជួយជាខ្លាំងក្នុងការវាយប្រហារក្នុងជម្រៅ ៣០ គីឡូម៉ែត្រ។ អាជ្ញាធរជប៉ុនកំពុងតែបន្តតាមដានបន្ថែមទៀតជុំវិញនៃការវិវត្តន៍នៃគ្រោះរញ្ជួយដីក្នុងតំបន់ទាំងពីរ។
គួរបញ្ជាក់ថាកាលពីឆ្នាំ ២០១១ គ្រោះរញ្ជួយដីដ៏សាហាវបំផុត និងរលកយក្សស៊ូណាមិជាបន្តបន្ទាប់ក្នុងប្រវត្តិសាស្ត្រជប៉ុនបានវាយប្រហារភាគពាយព្យនៃរដ្ឋធានីតូក្យូ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០,០០០ នាក់៕