Cc times  web banner kh

«ចេតីយព្រះបាទចន្ទរាជា»អាយុកាលជិត៥០០ឆ្នាំ នៅលើភ្នំព្រះរាជទ្រព្យ ត្រូវបានជួសជុលឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កណ្តាល៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោក ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកស្រី យី សុភា នៅថ្ងៃទី១២មករា បានរៀបចំពិធីប្រុងពលីបើកការដ្ឋានជួសជុលចេតិយព្រះបាទចន្ទរាជា នៅលើភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដែលកំពុងស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមបាក់បែកយ៉ាងខ្លាំង។

ការខូចខាតទាំងនេះ រួមមាន ការហូរច្រោះគ្រឹះស្រុតខឿនក្រោម ប្រេះរបេះកំបោរបាយអរ រលុះឥដ្ឋ និងល្បាក់ក្បាច់នៃតួចេតិយ។ ការខូចខាតទាំងនេះ គឺបណ្តាលមកពីកត្តាធម្មជាតិ និងអាយុកាលរបស់សំណង់។ ចេតិយព្រះបាទចន្ទរាជា ស្ថិតនៅមុខព្រះពុទ្ធចូលនិព្វាន កសាងឡើងតាំងពី គ.ស.១៥៦៧ ព្រះបាទបរមិន្ទរាជាទ្រង់សាងសម្រាប់បញ្ចុះព្រះអដ្ឋិនៃព្រះចន្ទរាជាជាព្រះរាជបិតា។ ចេតិយនេះ បែរមុខទៅទិសខាងជើង សាងពីឥដ្ឋតាន់បូកបាយអ មានការបាក់បែកដោយអន្លើ។ ចេតិយនេះមាន ការជួសជុលជាបន្តបន្ទាប់តាំងពីក្នុងរាជ្យហ្លួងនរោត្តមរហូតមកដល់ហ្លួងព្រះស៊ីសុវត្ថិ។

ការងារអភិរក្សនិងជួសជុលនេះ នឹងចំណាយពេល៤ខែ ពោលគឺចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ក្រោមការឧបត្ថម្ភថវិកាពី លោក ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកស្រី យី សុភា។

កិច្ចសហការលើការងារអភិរក្សនេះ គឺជាគម្រូមួយនៃកិច្ចសហការអន្តរក្រសួងសប្បុរសជន និងស្ថាប័ន នានា លើវិស័យសេដ្ឋកិច្ច និងវប្បធម៌ ដែលកើតឡើងក្នុងបរិយាកាសនៃកិច្ចប្រឹងប្រែងធ្វើឲ្យបេតិកភណ្ឌអាចរក្សាបានយូរអង្វែង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង