គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថាលោកនឹងប្រគល់ទាហានកូរ៉េខាងជើងពីររូបដែលត្រូវបានចាប់ខ្លួនបានប្រគល់ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញជាថ្នូរក្នុងការដោះអ្នកទោសទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ ការប្រកាសរបស់លោកនេះធ្វើឡើងប៉ុន្មានថ្ងៃតែប៉ុណ្ណោះក្រោយពីទាហានកូរ៉េខាងជើងពីររូបដែលជួយរុស្ស៊ីច្បាំងជាមួយនិងប្រទេសអ៊ុយក្រែនត្រូវបានចាប់ខ្លួនដោយទាហានអ៊ុយក្រែនក្នុងតំបន់ប្រយុទ្ធ។
យោងតាមសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបានឲ្យដឹងថាជនជាតិកូរ៉េខាងជើងទាំងពីរនេះត្រូវបានចាប់ខ្លួននៅថ្ងៃទី ៩ ខែមករា ក្រោយចាប់ខ្លួនបានពួកគេនិយាយតែភាសាកូរ៉េប៉ុណ្ណោះ ហើយបច្ចុប្បន្នកំពុងត្រូវបានសួរនាំដោយជំនួយពីកូរ៉េខាងត្បូង។ លោក Zelensky បានបង្ហោះរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកផ្ទាល់កាលពីថ្ងៃសៅរ៍ដែលបង្ហាញពីជនជាតិកូរ៉េទាំងពីរនេះរងរបួស និងកំពុងទទួលការព្យាបាល។
តាមសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែនដដែល នៅពេលដែលអ្នកទោសត្រូវបានចាប់ខ្លួន ទាហានម្នាក់ក្នុងចំណោមទាំងពីរមានអត្តសញ្ញាណប័ណ្ណយោធារុស្ស៊ីចេញជាឈ្មោះអ្នកផ្សេងទៀតដែលមានការចុះឈ្មោះក្នុងសាធារណរដ្ឋទូវ៉ា ហើយម្នាក់ទៀតអត់មានឯកសារ។ ទាហានម្នាក់បានប្រាប់អ៊ុយក្រែនថារូបគេត្រូវបានចេញឯកសារនៅក្នុងប្រទេសរុស្ស៊ីក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៤ ។
គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងបានធ្វើការបញ្ជូនទាហានកូរ៉េខាងជើងប្រមាណជាង ១ម៉ឺននាក់ទៅជួយប្រទេសរុស្ស៊ីក្នុងការបន្តច្បាំងជាមួយនិងទាហានអ៊ុយក្រែន ដែលការបញ្ចូនទាហានដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាននេះបានធ្វើឲ្យស្ថានការណ៍ពិភពលោកកាន់តែប្រែប្រួលជាខ្លាំងមិនធ្លាប់កើតមានចាប់តាំងពីសង្រ្គាមលោកលើកទី២បានបិតបញ្ចប់៕