ភ្នំពេញ៖ សាធារណជនប្រមាណជាង១០លាននាក់បូករួមទាំងព្រះសង្ឃ យុវជន ព្រមទាំងកុមារតូចតាមសាលារៀន បានចូលរួមក្នុងយុទ្ធនាការនានារបស់ក្រសួងបរិស្ថានកម្ពុជា ដើម្បីចូលរួមថែករក្សាបរិស្ថានក្នុងប្រទេសកម្ពុជា។ការចូលរួមយ៉ាងច្រើននេះ ជាការរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជនទូទាំងប្រទេសកម្ពុជា កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និង សណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានកម្ពុជា បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» មានអ្នកចូលរួម ៩,៧០៦,២៦៨..អង្គ/នាក់ ក្នុងនោះមានការចូលរួមគាំទ្រពីសិស្សានុសិស្ស ព្រះសង្ឃ មន្រ្តីរាជការ កម្មករ កម្មការិនី និយោជិត និង ប្រជាពលរដ្ឋ។យុទ្ធនាការនេះ បានចាប់ផ្តើមពីសាលារៀន ដែលជាថ្នាលបណ្តុះកោសិកាសង្គម និង បានចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។
បើតាមរបាយការណ៍ នៅក្នុងយុទ្ធនាការទី២ គឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការ ចំនួន៥,០៦០,៣៦៩អង្គ/នាក់។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បាននាំឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិ ឃុំ នៅតាមស្រុក ក្រុង ស្រុក ខណ្ឌ នានាទូទាំងប្រទេស ចេញមកព្រមគ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម តាមទីសាធារណៈ និងនៅតាមដងផ្លូវក្នុងមូលដ្ឋាន រៀងរាល់១ថ្ងៃក្នុង ១សប្តាហ៍ យ៉ាងតិច ដោយធ្វើការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធនាការទាំងពីររបស់ក្រសួងបរិស្ថានខាងលើ បានទទួលការគាំទ្រពីសាធារណជនសរុបជាង ១៤លាននាក់ ក្នុងការប្តេជ្ញាចិត្ត និង ចូលរួមសកម្មភាពកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រើសសំរាម ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក យ៉ាងផុសផុល ដែលជាជោគជ័យ លើស ពីការរំពឹងទុក។
គួរបញ្ជាក់ថា ក្រៅពីយុទ្ធនាការ២ខាងលើ ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង៕