
ភ្នំពេញ៖ ជំនន់ទឹកភ្លៀង បណ្ដាលឱ្យមានការជន់លិចនៅក្នុងបណ្ដាខេត្តក្រុងចំនួន១៩ ក្នុងនោះមានពលរដ្ឋជិត៤ម៉ឺនគ្រួសារបាត់បង់ផ្ទះដោយសារជំនន់ទឹកភ្លៀង។ នេះបើតាមរបាយការណ៍ដែលក្រុមការងារស៊ីស៊ីថាមស៍ទទួលបានពី កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រឹកថ្ងៃទី១៤ តុលា ឆ្នាំ២០២០។
គ្រោះធម្មជាតិ ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាខេត្តក្រុងចំនួន១៩ ក្នុងប្រទេសកម្ពុជា និងមានប្រជាពលរដ្ឋ ជិត៤ម៉ឺនគ្រួសាររងផលប៉ះពាល់ បាត់បង់ផ្ទះសម្បែង និងខូចខាតទ្រព្យសម្បត្តិនានា។
បើតាមប្រសាសន៍ ឯកឧត្តម ហង្ស សាមឿន បានបញ្ចាក់ឱ្យដឹងថា ជាក់ស្ដែងគិតចាប់ពេលនេះទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៣ម៉ឺន៩ពាន់៧០២គ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់៨៥៣គ្រួសារ ប៉ះពាល់លំនៅឋាន៣ម៉ឺន៩ពាន់៤៨៥ខ្នងផ្ទះ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងខូចខាត ៣០ខ្នង សាលារៀនចំនួន៤០២ខ្នង វត្តចំនួន៦៤វត្ត ។
ឯកឧត្តមបន្តថា ទឹកជំនន់ដែលប៉ះពាល់ធ្ងន់ធ្ងរនេះមានចំនួន១៩ខេត្តនិងរាជធានី ដោយឡែកការងារបង្កបង្កើនផលស្រូវធ្វើឱ្យលិចផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា។ ក្នុងនោះស្រូវសន្ទូងជិត ១១ម៉ឺន៦ពាន់៧៦៤៧ហិកតា និងដំណាំផ្សេងៗជាង ៥ម៉ឺនហិកតា។
បន្ថែមពីនេះ ក្រៅពីផលដំណាំទឹកជំនន់នេះក៏ប៉ះពាល់ផ្លូវជាតិមានចំនួន១ម៉ឺន៩ពាន់១៧១ម៉ែត្រនិងផ្លូវលំ២ម៉ឺន៦ពាន់៥២០ម៉ែត្រ និងស្ពានជាច្រើនផងដែរ ហើយរឿងដែលសោកស្តាយខ្លាំងនោះគឺ ជំនន់ទឹកភ្លៀងបានឆក់យកជីវិតប្រជាពលរដ្ឋ១២នាក់ និងរងរបួស០២នាក់។
ទន្ទឹមនេះ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់និងជាពិសេសអង្កការដៃគូអភិវឌ្ឍន៏ ចេញជួយពលរដ្ឋឱ្យបានទាន់ពេលវេលានិងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។
សូមជម្រាបជូនថា ការរងវិសម្ពាធទាបបានធ្វើឱ្យមានភ្លៀងធ្លាក់ជាប់គ្នារយៈពេលប៉ុន្មានថ្ងៃនេះ ការធ្លាក់ភ្លៀងជាប់គ្នាជាច្រើនថ្ងៃ បានបង្កឱ្យមានទឹកភ្លៀងជន់លិចនៅបណ្តាខេត្តភាគពាយព្យប្រទេស និងបន្តការជន់លិចដល់តំប់ដែលនៅជាយក្រុងផងដែរ៕