សេអ៊ូល៖ ប្រធានសន្តិសុខការពារសុវត្ថិភាពប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសលាលែងពីតំណែងកាលពីថ្ងៃសុក្រ ការប្រកាសលាលែងនេះធ្វើឡើងបន្ទាប់ពីរូបលោកផ្ទាល់បានប្រឈមមុខនឹងការចោទសួរអំពីមូលហេតុដែលឆ្មាំរបស់លោករារាំងការចាប់ខ្លួនប្រធានាធិបតីលោក Yoon Suk Yeol។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងប្រធានសេវាសន្តិសុខប្រធានាធិបតី Yoon Suk Yeol លោក Park Chong-jun បានដាក់ពាក្យលាលែងពីតំណែងនៅព្រឹកថ្ងៃសុក្រ ក្រោយពីរូបលោកត្រូវបានប៉ូលីសធ្វើការសាកសួរជុំវិញមូលហេតុដែលមិនអនុញ្ញាតឲ្យមន្រ្តីកូរ៉េខាងត្បូងចូលចាប់ខ្លួនលោក Yoon Suk Yeol ។
លោក Park Chong-jun បានថ្លែងថា៖ «ខ្ញុំយល់ថាពលរដ្ឋជាច្រើនមានការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្នដែលភ្នាក់ងារការពាររដ្ឋាភិបាលអាចនិងមានជម្លោះក្នុងការការពារសុវត្ថិភាពលោកប្រធានាធិបតី ដូចច្នេះការសម្រេចចិត្តរបស់លោកក្នុងការលាលែងនិងមិនប៉ះពាល់ការងារការពារប្រធានាធិបតីទៀតឡើយ។
ជាការឆ្លើយតបទៅនឹងការលាលែងពីប្រធានការពារប្រធានាធិបតីការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) បាននិយាយថា ខ្លួននឹង "រៀបចំឱ្យបានហ្មត់ចត់" សម្រាប់ការប៉ុនប៉ងចាប់ខ្លួនលើកទីពីរ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ប៉ូលីសកាលពីថ្ងៃសុក្របានបើកកិច្ចប្រជុំដើម្បីរៀបចំផែនការសម្រាប់កិច្ចខិតខំប្រឹងប្រែងជាថ្មីក្នុងការចាប់ខ្លួនលោក Yoon Suk Yeol ។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី ៣ ធ្នូ បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយលើកហេតុផលថា មានក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង កំពុងរៀបចំសកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ លោកបានចោទប្រកាន់គណបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង ស្ដីពីការសមគំនិតគ្នាជាមួយកូរ៉េខាងជើង និង សកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ជាការប្រកាស ដែលបានធ្វើឱ្យស្ទើរតែគ្រប់គ្នាមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់៕