អាម៉េរិក៖ ភ្លើងឆេះព្រៃនៅក្រុងឡូសអេនជឺលេស នៃរដ្ឋ កាលីហ្វ័រញ៉ា ត្រឹមរយៈពេល៣ថ្ងៃពោលចាប់ផ្តើមឆេះចាប់តាំងពីយប់ថ្ងៃអង្គារមកដល់ថ្ងៃសុក្រទី ១០ មករា នេះភ្លើងឆេះសន្ធោសន្ធៅមិនធ្លាប់មាននេះបានបំផ្លាញផ្ទៃដីព្រៃឈើដល់ជាង ២ម៉ឺនហិកតា និងបណ្តាលឲ្យផ្ទះជាង ១ម៉ឺនខ្នងរងការខូចខាតស្ទើរតែទាំងស្រុង ដោយក្នុងតំបន់ឆាបឆេះនោះមានផ្ទះតារាហូលីវូដល្បីៗជាច្រើននាក់រងការបំផ្លិចបំផ្លាញដូចគ្នា។
ភ្លើងបានឆាបឆេះដំបូងបង្អស់នៅក្នុងតំបន់ Palisades ក្រោយមកក៏រីករាលដាលដល់តំបន់ក្បែរនោះ ៦ ថែមទៀតរួមមានតំបន់ Lidia, Olivas, Hurstm, Eaton, Woodley និង Sunset។ អាជ្ញាធរអាម៉េរិកបានជម្លៀសមនុស្សក្នុងតំបន់ជាង១០ម៉ឺននាក់ចេញ និងបញ្ជូនអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ធ្វើការពន្លត់ភ្លើង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកគិតត្រឹមថ្ងៃសុក្រនេះមានហេដ្ឋរចនាសម្ព័ន្ធ និងផ្ទះសម្បែងជាង ១ម៉ឺនខ្នងរងការបំផ្លិចបំផ្លាញ និងឆេះខ្ទិចខ្ទីស្ទើរតែទាំងស្រុង តាមសេចក្តីប្រកាសរបស់អាជ្ញាធរក្នុងតំបន់ភ្លើងបានឆាបឆេះរហូតដល់ផ្ទៃដីជាង ២ម៉ឺនហិកតា ប៉ូលីសមិនអាចធ្វើការពន្លត់បានដោយសារកម្លាំងភ្លើងឆេះខ្លាំង លឿន និងខ្យល់បានបោកបក់កម្លាំងអគ្គិឲ្យបន្តឆាបឆេះតំបន់ក្បែរនោះលឿនជាខ្លាំង។
អ្នកពន្លត់អគ្គិភ័យ និងមន្រ្តីសង្រ្គោះបន្ទាន់ជាច្រើននាក់កំពុងតែបន្តមានវត្តមាននៅទីតាំងដែលកំពុងតែឆាបឆេះ ទោះបីជាមានការពន្លត់ភ្លើងពីមនុស្សរាប់ពាន់នាក់ក្តីក៏ភ្លើងនៅតែបន្តឆាបឆេះតំបន់មួយចំនួនទៀត។ គេប៉ានប្រមាណថាទំហំខូចខាតដោយសារភ្លើងឆេះនេះអាចនឹងដល់ក្បែរពាន់លានដុល្លារសហរដ្ឋអាម៉េរិក៕