
អាម៉េរិក៖ សាកសពរលួយស្អុយរបស់បុរសពីរនាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងកង់នៃយន្តហោះ JetBlue ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale-Hollywood ក្នុងរដ្ឋផ្លរីដា។ សាកសពទាំងពីរនេះត្រូវបានគេរកឃើញកាលពីយប់ថ្ងៃចន្ទ អំឡុងពេលពិនិត្យថែទាំក្រោយការហោះហើរ។

យោងតាមក្រុមហ៊ុនអាកាសចរណ៍ JetBlue បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា អត្តសញ្ញាណអ្នកស្លាប់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ លោក Carey Codd អ្នកនាំពាក្យការិយាល័យតម្រួតបានអះអាងថា ការធ្វើកោសល្យវិច័យនឹងត្រូវបានធ្វើឡើងដើម្បីកំណត់ពីមូលហេតុនៃការស្លាប់របស់អ្នកទាំងពីរ។សាកសពអ្នកទាំងពីរត្រូវបានគេរកឃើញក្នុងសភាពស្អុយរលួយក្នុងកង់យន្តហោះ។ មន្រ្តីជំនាញអាម៉េរិកកំពុងស៊ើបអង្កេតស្វែងរកអ្នកដែលពាក់ព័ន្ធ និងមូលហេតុនៃការស្លាប់របស់អ្នកទាំងពីរ៕