
តាកែវ៖ ផែនការដាំដុះស្រូវប្រាំងនៅស្រុកបាទី ខេត្តតាកែវ បានកើនឡើងលើសពីរដងនៃផែនការ ដោយបានគ្រោង ត្រឹមតែ២០០០ហិកតាប៉ុណ្ណោះ ខណៈការដាំដុះមានរហូតដល់៤០០០ហិកតា ដែលធ្វើឱ្យបរិមាណទឹកដែលត្រូវស្រោចស្រពប្រឈមនឹងការខ្វះខាតទឹក។ នេះបើតាមការចុះពិនិត្យមើលស្ថានភាពជាក់ស្តែងពីទីតាំងប្រភពទឹកអាងទន្លេបាទី ខេត្តតាកែវ របស់រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តួច ប៊ុនហួរ។
ការចុះពិនិត្យស្ថានភាពនេះ លោករដ្ឋលេខាធិការ បានបញ្ជាក់អំពីចលនាស្រូវអង្ករនៅលើពិភពលោក ដែលឆ្នាំ២០២៣ ឥណ្ឌាជាប្រទេសនាំចេញស្រូវអង្ករលេខ១ នៅលើពិភពលោក បានផ្អាកនាំចេញ ធ្វើឱ្យតម្លៃស្រូវមានការកើនឡើង ហើយនៅឆ្នាំ២០២៤ នេះចាប់ផ្ដើមនាំចេញស្រូវអង្ករឡើងវិញ ម៉្យាងវិញទៀតប្រទេសឥណ្ឌូនេស៊ី ក៏បានផ្អាកការនាំចូលអង្ករផងដែរ ហើយការផលិតស្រូវក្នុងស្រុកកើនបរិមាណផលជាង១លានតោន ជាហេតុធ្វើឱ្យតម្លៃស្រូវមានការធ្លាក់តម្លៃគួរកត់សំគាល់។
ជាក់ស្ដែងផែនការដាំដុះស្រូវប្រាំងនៅស្រុកបាទីគ្រោង ២០០០ហិកតា លុះការដាំដុះមកដល់ពេលនេះ ៤០០០ហិកតា គឺកើនឡើងលើសពីរដងនៃផែនការដែលធ្វើឱ្យបរិមាណទឹកដែលត្រូវស្រោចស្រពប្រឈមនឹងការខ្វះខាតទឹក ដែលស្រូវភាគច្រើនមានអាយុប្រមាណ៤៥ថ្ងៃ។

លោក តួច ប៊ុនហួរ បានសំណូមពរដល់ប្រជាពលរដ្ឋ កុំពង្រីកការដាំដុះបន្ថែមទៀត ដែលនឹងធ្វើឱ្យកាន់តែប្រឈមនឹងការខ្វះខាតទឹកកាន់តែខ្លាំង ហើយក៏បានបញ្ជាក់បន្ថែមអំពីការសម្របសម្រួលក្នុងការបើកទ្វារទឹក សម្រាប់ស្រោចស្រពនិងមានការប្រជុំគណៈកម្មការប្រើប្រាស់ទឹក នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ និងចែកវេនក្នុងការបូមទឹកតាមតំបន់ខាងលើ និងតំបន់ខាងក្រោម។ ប្រជាពលរដ្ឋក៏មានការសាទរ ដែលថ្នាក់ដឹកនាំជួយសម្របសម្រួលការបើកទ្វារទឹកតាមដំណាក់កាលនេះ និងសន្យាមិនពង្រីកផ្ទៃដីនៃការដាំដុះទៀតទេ៕

