
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារអាម៉េរិក ជូនសមាគមអភិរក្សដំរី អៃរាវត្តា។ ដោយស្ថិតក្នុងកំឡុងពេលដែលប្រជាពលរដ្ឋសំដែងនូវសមានចិត្តអាណិតអាសូរចំពោះ លំផាត់ កូនដំរីកម្សត់ បានបង្ហាញឲ្យឃើញពីការយល់ដឹងអំពីកិច្ចគាំពារអភិរក្ស និងថែរក្សាសត្វព្រៃនៅកម្ពុជា។
នាឆ្នាំ២០២៣ កន្លងមក សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គធ្លាប់បានប្រោសព្រះរាជទាននូវការគាំទ្រតាមរយៈព្រះរាជទ្រព្យផ្ទាល់ជូនចំពោះសមាគមន៍អភិរក្សសត្វដំរី ក៏ដូចជាការប្រោសព្រះរាជទានព្រះរាជសវនាការទទួលយករបាយការណ៍ទូលថ្វាយអំពីការងារអភិរក្សសត្វព្រៃ ។
ជានិច្ចជាកាល ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចទាំងទ្វេទ្រង់គាំទ្រជានិច្ចចំពោះសកម្មភាពថែរក្សាគាំពារសត្វព្រៃ និងធនធានធម្មជាតិ តាមរយៈសកម្មភាពនានារបស់រាជរដ្ឋាភិបាល អង្គការដៃគូរនានា សំដៅក្នុងការរក្សាបាននូវសម្បត្តិធនធានទាំងឡាយជាឧត្តមប្រយោជន៍ដល់ជាតិកម្ពុជា ស្របតាមមាគា៍ដឹកនាំរបស់ អង្គសម្តេចឪ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង៕